ការប៉ះទង្គិចគ្នាយ៉ាងហិង្សានៅតំបន់កាស្មៀរ គ្រប់គ្រងដោយប៉ាគីស្ថាន សម្លាប់មនុស្ស ១១នាក់ (Video inside)

08-06-2026 19:49

(មុយហ្សាហ្វារ៉ាបាដ)៖ ការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាងកងកម្លាំងនគរបាលប៉ាគីស្ថាន និងក្រុមបាតុករសង្គមស៊ីវិល នៅក្នុងតំបន់កាស្មៀរ (Kashmir) ដែលគ្រប់គ្រងដោយប្រទេសប៉ាគីស្ថាន បានបណ្តាលឱ្យមនុស្ស ១១នាក់ស្លាប់ និងជាង ៧០នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អំពើហិង្សានេះបានផ្ទុះឡើងនៅតំបន់ហិម៉ាឡៃយ៉ា បន្ទាប់ពីកងកម្លាំងសន្តិសុខបានប៉ុនប៉ងបំបែកហ្វូងបាតុករ ដែលដឹកនាំដោយសម្ព័ន្ធអង្គការសង្គមស៊ីវិលហៅកាត់ថា JAAC ដែលបានប្រមូលផ្តុំគ្នានៅក្បែរមន្ទីរពេទ្យ។ ស្នងការនគរបាលតំបន់ លោក សាដា វ៉ាហ៊ីដ ខាន់ (Sardar Waheed Khan) បានបញ្ជាក់ថា មន្ត្រីប៉ូលិស ៤នាក់ និងអ្នកដំណើរម្នាក់ត្រូវបានសម្លាប់ដោយការបាញ់ប្រហារពីក្រុមបាតុករ ដែលជំរុញឱ្យសមត្ថកិច្ចវាយបកវិញបណ្តាលឱ្យបាតុករ ៦នាក់ស្លាប់។

អាជ្ញាធរបានឱ្យដឹងថា មន្ត្រីសន្តិសុខ ២៣នាក់ និងបាតុករ ៥០នាក់ បានរងរបួស ខណៈមនុស្ស ៣០នាក់ត្រូវបានចាប់ខ្លួន។ មេដឹកនាំក្រុម JAAC បានចោទប្រកាន់រដ្ឋាភិបាលថាបានធ្វើ «ការសម្លាប់រង្គាល» និងប្តេជ្ញាបន្តការតវ៉ា ទោះបីជាប៉ូលិសអះអាងថាបាតុករបានប្រើប្រាស់កាំភ្លើងស្វ័យប្រវត្តិ និងគ្រាប់បែកសាំងវាយប្រហារសមត្ថកិច្ចមុនក៏ដោយ។

គួរបញ្ជាក់ថា ក្រុមបាតុករបានរៀបចំការតវ៉ានេះឡើង ដើម្បីប្រឆាំងនឹងការរក្សាអាសនៈចំនួន ១២ សម្រាប់តំណាងជនភៀសខ្លួនដែលមិនរស់នៅក្នុងតំបន់កាស្មៀរ សម្រាប់ការបោះឆ្នោតសភានាខែកក្កដាខាងមុខ។ ជាការឆ្លើយតប រដ្ឋាភិបាលតំបន់បានចាត់ទុកក្រុមនេះជាអង្គការខុសច្បាប់ និងបានអំពាវនាវឱ្យភ្ញៀវទេសចរទាំងអស់ប្រញាប់ចាកចេញពីតំបន់នោះជាបន្ទាន់ ដើម្បីសុវត្ថិភាព៕