ការសិក្សា៖ ការចំណាយលើអាវុធនុយក្លេអ៊ែរ កើនឡើងខ្ពស់បំបែកកំណត់ត្រា ចំពោះមុខការរត់ប្រណាំងអាវុធ (Video inside)
09-06-2026 09:01
(ហ្សឺណែវ)៖ ក្រុមអ្នកជំនាញ នៅថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថាការចំណាយនៅទូទាំងពិភពលោកលើអាវុធនុយក្លេអ៊ែរបានកើនឡើងខ្ពស់បំបែកកំណត់ត្រាថ្មីមួយ កាលពីឆ្នាំ២០២៥ ខណៈក្រុមប្រទេសមានអាវុធនុយក្លេអ៊ែរបាននាំគ្នាយកក្បាលគ្រាប់នុយក្លេអ៊ែរចេញពីឃ្លាំងទៅបំពាក់លើមីស៊ីល យន្ដហោះចម្បាំង និងនាវាមុជទឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ស្ថាប័នស្រាវជ្រាវ International Campaign to Abolish Nuclear Weapons ហៅកាត់ថា ICAN បានឱ្យដឹងក្នុងរបាយការណ៍ថ្មីមួយចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះថាក្រុមប្រទេសមានអាវុធនុយក្លេអ៊ែរទាំង៩ បានចំណាយសរុបចូលគ្នាអស់ជិត ១១៩ពាន់លានដុល្លារលើឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេកាលពីឆ្នាំ២០២៥ ឬកើនឡើង១៩ភាគរយ បើធៀបទៅនឹងកាលពីឆ្នាំ២០២៤។ របាយការណ៍នេះក៏បានព្រមានដែរថាពិភពលោកកំពុងធ្លាក់ចូលទៅក្នុងការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ។
របាយការណ៍របស់ ICAN និងការសិក្សាដាច់ដោយឡែកមួយទៀតរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល ហៅកាត់ថា SIPRI ចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ សុទ្ធតែបានបង្ហាញការព្រួយបារម្ភដូចគ្នាពីការកើនឡើងហានិភ័យនុយក្លេអ៊ែរ ក្នុងបរិបទភូមិសាស្ត្រនយោបាយពិភពលោកកំពុងឡើងកម្ដៅ និងកើតមានសង្រ្គាមស្ទើរជុំទិស។ ការបង្កើនការចំណាយលើឃ្លាំងអាវុធនុយក្លេអ៊ែរទៀតសោតកើតមានឡើង ចំពេលបណ្ដាប្រទេសជាច្រើនបានពន្លឿនការធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ពួកគេរៀងៗខ្លួន និងដាក់ពង្រាយ ក្បាលគ្រាប់នុយក្លេអ៊ែរកាន់តែច្រើនឡើង។
លោកស្រី Susi Snyder ជានាយកកម្មវិធីរបស់ ICAN ក៏បាននិយាយដែរថាលោកស្រីពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងថាបញ្ញាសប្បនិម្មិត ឬ AI អាចនឹងបង្កើនហានិភ័យនៃ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ SIPRI ចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរបានធ្លាក់ចុះមកនៅត្រឹម ១២ ១៨៧គ្រាប់ គិតត្រឹមដើមឆ្នាំ២០២៥ ប៉ុន្តែបានព្រមានថាចំនួនអាវុធនុយក្លេអ៊ែរត្រៀមរួចរាល់សម្រាប់ការប្រើប្រាស់បានកើនដល់ ៩៧៤៥គ្រាប់។ សហរដ្ឋអាមេរិក និងរុស្ស៉ីបានរ៉ាប់រង៨៣ភាគរយនៃឃ្លាំងស្ដុកអាវុធនុយក្លេអ៊ែរ ដោយម្ខាងច្រើនជាង ៥០០០គ្រាប់។ ចិនវិញបានពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័សជាងប្រទេសណាៗទាំងអស់ ដោយមានក្បាលគ្រាប់នុយក្លេអ៊ែរ ៦២០គ្រាប់៕





