វៀតណាម បញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ ពិនិត្យការអនុវត្តកិច្ចព្រមព្រៀងជាមួយអាមេរិក ខណៈវ៉ាស៉ីនតោនកំពុងស៉ើបអង្កេតពាណិជ្ជកម្ម (Video inside)
09-06-2026 14:58
(ហាណូយ)៖ វៀតណាម បានដាក់បទបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗ ពិនិត្យឡើងវិញលើវឌ្ឍនភាពនៃកិច្ចព្រមព្រៀងតម្លៃរាប់ពាន់លានដុល្លារ ដែលខ្លូនបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Boeing និងក្រុមហ៊ុន Pratt & Whitney ក៏ដូចជាស្វែងរកកុងត្រានាំចូលថ្មីជាមួយក្រុមហ៊ុនអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦។
បទបញ្ជានេះត្រូវបានដាក់ចេញ បន្ទាប់ពីការស្នើរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ខណៈដែលទីក្រុងហាណូយ ព្យាយាមពង្រឹងពាណិជ្ជកម្មរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក។ ក្រសួងបានប្រាប់ក្រុមហ៊ុន Vietnam Airlines, Vietjet Air និង Sun Phu Quoc Airways ឱ្យផ្តល់ព័ត៌មានលម្អិតអំពីវឌ្ឍនភាពនៃការអនុវត្ត និងបង្ហាញឯកសារកិច្ចព្រមព្រៀងជាមួយដៃគូអាមេរិក ក៏ដូចជាស្នើពង្រីកមធ្យោបាយ និងនាំចូលសម្ភារៈបច្ចេកវិទ្យាខ្ពស់របស់អាមេរិក។
Vietnam Airlines និង Vietjet Air សហការគ្នាទិញយន្តហោះ Boeing 737 MAX ចំនួន ២៥០គ្រឿង។ រីឯ Sun Phu Quoc Airways បានចុះកិច្ចកុងត្រាដាច់ដោយឡែក ដើម្បីទិញយន្តហោះ Boeing 787-9 Dreamliner wide-body ចំនួន ៤០គ្រឿង។ Vietjet ក៏មានកុងត្រាជាមួយក្រុមហ៊ុនអាមេរិក Pratt & Whitney ពាក់ព័ន្ធម៉ាស៉ីនសម្រាប់យន្តហោះ Airbus របស់ខ្លួនផងដែរ។
គួរបញ្ជាក់ថា រដ្ឋបាល លោក ត្រាំ កំពុងធ្វើការស៉ើបអង្កេតចំនួន ៣ ដោយផ្តោតលើទីក្រុងហាណូយ ជុំវិញការចោទប្រកាន់ពី ការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម រំលោភកម្មសិទ្ធិបញ្ញា និងការប្រើប្រាស់ទំនិញដែលផលិត ដោយប្រើកម្លាំងពលកម្មដោយបង្ខំ៕





