សហភាពអឺរ៉ុបគ្រោងដាក់កញ្ចប់ទណ្ឌកម្មទី២១ សំដៅលើធនាគារ និងបណ្តាញគ្រីបតូរុស្ស៊ី (Video inside)

09-06-2026 19:53

(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) គ្រោងនឹងស្នើកញ្ចប់ទណ្ឌកម្មទី២១ ប្រឆាំងនឹងប្រទេសរុស្ស៊ីនៅថ្ងៃពុធនេះ ដោយផ្តោតសំខាន់លើបណ្តាញធនាគារ និងរូបិយប័ណ្ណគ្រីបតូ (Crypto)។ គោលដៅចម្បងនៃទណ្ឌកម្មនេះ គឺដើម្បីរុញច្រានឱ្យមានវិបត្តិធនាគារនៅរុស្ស៊ី ដែលអាចបង្ខំឱ្យទីក្រុងមូស្គូ ព្រមវិលចូលតុចរចាសន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមប្រភពការទូតអឺរ៉ុប កញ្ចប់ទណ្ឌកម្មថ្មីនេះរំពឹងថានឹងដាក់បញ្ចូលធនាគាររុស្ស៊ីចំនួន ៩០ ទៅក្នុងបញ្ជីខ្មៅ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងការប្រកាសតែម្តង។ ចំណាត់ការនេះនឹងធ្វើឱ្យធនាគាររុស្ស៊ីដែលរងទណ្ឌកម្មសរុបកើនដល់ជាង ១០០ (ស្មើនឹងជាង ៥០ភាគរយនៃស្ថាប័នហិរញ្ញវត្ថុរុស្ស៊ីដែលមានទំនាក់ទំនងអន្តរជាតិ) ដោយស្ថាប័នទាំងនេះនឹងត្រូវរងការបង្កកទ្រព្យសម្បត្តិ ហាមឃាត់ការធ្វើដំណើរ និងហាមឃាត់រាល់ប្រតិបត្តិការទាំងអស់។

ក្រៅពីការដាក់បញ្ចូលក្នុងបញ្ជីខ្មៅដោយស្ថាប័នការទូតអឺរ៉ុប (EEAS) គណៈកម្មការអឺរ៉ុបក៏នឹងស្នើហាមឃាត់រាល់ប្រតិបត្តិការជាមួយធនាគារចំនួន ៣៥ ផ្សេងទៀត ព្រមទាំងវេទិការូបិយប័ណ្ណគ្រីបតូមួយចំនួនផងដែរ។ ស្ថាប័នទាំងនេះត្រូវបានចោទប្រកាន់ថាបានជួយសម្រួលឱ្យរុស្ស៊ីអាចគេចវេះពីទណ្ឌកម្មរបស់លោកខាងលិច តាមរយៈការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឆ្លងកាត់ប្រទេសទីបី៕