រុស្ស៊ីធ្វើសមយុទ្ធជើងទឹកនៅសមុទ្របាល់ទិក ស្របពេលណាតូក៏កំពុងធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅទីនោះដែរ
09-06-2026 23:04
(ម៉ូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មាន Interfax បានរាយការណ៍នៅថ្ងៃអង្គារថា កងទ័ពជើងទឹករុស្ស៊ីបាន និងកំពុងធ្វើសមយុទ្ធយោធានៅក្នុងសមុទ្របាល់ទិក ដោយអនុវត្តការបាញ់មីស៊ីល ការទម្លាក់គ្រាប់បែក និងការវាយប្រហារផ្សេងៗ ស្របពេលដែលអង្គការណាតូ (NATO) ក៏កំពុងធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅក្នុងតំបន់នេះផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមរបាយការណ៍ សមយុទ្ធជើងទឹករបស់រុស្ស៊ីត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី០៨ ដល់ទី០៩ ខែមិថុនា នៅតំបន់ក្បែរទីក្រុងកាលីនីនក្រាត (Kaliningrad) ដោយមានការចូលរួមពីយន្តហោះយោធាប្រមាណ ១០គ្រឿង រួមទាំងយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងនាវាបាញ់មីស៊ីលធុនតូចចំនួនពីរគ្រឿង។
គួរកត់សម្គាល់ថា សមយុទ្ធនេះប្រព្រឹត្តទៅស្របពេលដែលអង្គការណាតូកំពុងដំណើរការសមយុទ្ធជើងទឹក "BALTOPS" ដែលជាសមយុទ្ធធំបំផុតប្រចាំឆ្នាំនៅសមុទ្របាល់ទិក ចាប់ពីថ្ងៃទី០៤ ដល់ទី២០ ខែមិថុនា ដោយមានការចូលរួមពីនាវាប្រមាណ ២០គ្រឿង កម្លាំងយោធាជិត ៦,០០០នាក់ មកពី ១៥ប្រទេស។
គួរបញ្ជាក់ថា ទីក្រុង Kaliningrad គឺជាតំបន់ផ្តាច់មុខរបស់រុស្ស៊ី ដែលស្ថិតនៅចន្លោះប្រទេសលីទុយអានី និងប៉ូឡូញ ដែលជាសមាជិកណាតូ។ តំបន់នេះគឺជាទីតាំងយោធាដ៏សំខាន់ និងជាទីបញ្ជាការនៃកងនាវាបាល់ទិករុស្ស៊ី។ កាលពីចុងខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានយ៉ាងម៉ឺងម៉ាត់ថា រុស្ស៊ីមានលទ្ធភាពពេញលេញក្នុងការកម្ទេចរាល់កងកម្លាំងទាំងឡាយណា ដែលប៉ុនប៉ងវាយប្រហារមកលើទីក្រុងមួយនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសលីទុយអានី បានអំពាវនាវឱ្យណាតូបង្ហាញអំណាចរបស់ខ្លួនក្នុងការជ្រៀតចូលតំបន់នេះ៕




