អ៉ីរ៉ង់វាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅបារ៉ែន សងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់អាមេរិក (Video inside)
10-06-2026 08:39
(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នៅថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាពួកគេបានបើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់ ដែលធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង្អុលមុខអ៉ីរ៉ង់ថាជាអ្នកបាញ់ទម្លាក់ឧទ្ធម្ភាគចក្រអាមេរិកមួយគ្រឿង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានគូសបញ្ជាក់ដូច្នេះថា «របបអាមេរិកដែលល្មោភសង្រ្គាម បានបើកការវាយប្រហារលើទីតាំងជាច្រើនកន្លែងនៅក្នុងទីក្រុង Jask Sirik និង Qeshm កាលពីព្រឹកព្រលឹមនេះ (ថ្ងៃពុធ) ក្រោមលេសក្លែងក្លាយ ដោយបង្ក ការខូចខាតដល់បណ្ដាញទូរគមនាគមន៍មួយក្នុងទីក្រុង Sirik និងបំផ្លាញអាងស្ដុកទុកទឹកចំនួន២ ក្នុងទីក្រុងនេះ»។
តាមកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ជាការសងសឹក យោធាអ៉ីរ៉ង់បានវាយប្រហារដោយប្រើដ្រូនលើមូលដ្ឋានទ័ពជើងទឹកទី៥ របស់សហរដ្ឋអាមេរិកក្នុងប្រទេសបារ៉ែន កាលពីម៉ោង ២៖៣០នាទីរំលងអាធ្រាត្រ ជាមួយការព្រមានថាអ៉ីរ៉ង់នឹងសងសឹកធ្ងន់ធ្ងរជាងនេះ ប្រសិនបើការវាយប្រហារនៅតែបន្តធ្វើឡើង។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) បានបើកការវាយប្រហារលើអ៉ីរ៉ង់ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា តេហេរ៉ង់បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache មួយគ្រឿងរបស់អាមេរិកក្នុងតំបន់ច្រកសមុទ្រ Hormuz។ បើតាមលោក ត្រាំ ពីឡុតអាមេរិក ២នាក់នៅលើ ឧទ្ធម្ភាគចក្រ Apache ដែលត្រូវបានបាញ់ទម្លាក់មិនបានរងរបួសអ្វីនោះទេ៕




