អ៊ុយក្រែន ចុះកិច្ចព្រមព្រៀងដ្រូនជាមួយឡេតូនី ខណៈរុស្ស៉ីថាអឺរ៉ុបមិនទាន់ត្រៀមខ្លួនសម្របសម្រួលកិច្ចចរចាសន្តិភាព (Video inside)
10-06-2026 10:24
(តាលិន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសថាអ៊ុយក្រែនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងដ្រូនជាមួយប្រទេសឡេតូនី ខណៈរូបលោកបានជួបនាយករដ្ឋមន្ត្រីឡេតូនី លោក Andris Kulbergs នាឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលមួយរវាង អ៊ុយក្រែន និងក្រុមប្រទេសអឺរ៉ុបខាងជើង រួមទាំងរដ្ឋក្នុងតំបន់បាល់ទិក ក្នុងទីក្រុងតាលិន ប្រទេសអេស្ដូនី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី បានចូលរួមក្នុងកិច្ចប្រជុំជាមួយបណ្ដានាយករដ្ឋមន្ត្រីមកពីតំបន់អឺរ៉ុបខាងជើង និងបាល់ទិក រួមមានអេស្ដូនី ឡេតូនី លីទុយអានី អ៉ីស្លង់ ហ្វាំងឡង់ ស៊ុយអែត និងន័រវែស ភ្លាមៗបន្ទាប់ពីរូបលោកបានត្រឡប់មកពីចូលរួមក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងឡុងដ៍ជាមួយបណ្ដាមេដឹកនាំអង់គ្លេស បារាំង និងអាល្លឺម៉ង់ដែល បាននិយាយថាពួកគេត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រកិច្ចចរចាលើបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៉ី។
ក៏ប៉ុន្តែ ខាងវិមានក្រឹមឡាំង បាននិយាយថាអឺរ៉ុបទំនងជាមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីដើរតួនាទីជាអ្នកសម្របសម្រួលក្នុងដំណើរការស្វែងរកសន្តិភាពនៅអ៊ុយក្រែន នៅឡើយទេ។ តាមលោក ហ្សេលេនស្គី កិច្ចព្រមព្រៀងដ្រូនជាមួយឡេតូនី នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងការផលិតដ្រូនរួមគ្នារវាងប្រទេសទាំង២ ហើយវាក៏បង្ហាញដែរថាជំនាញ និងបទពិសោធន៍របស់អ៊ុយក្រែនបាន និងកំពុងជួយដល់ប្រទេសជាដៃគូរបស់អ៊ុយក្រែន។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី មិនបានបញ្ជាក់លម្អិតពីកិច្ចព្រមព្រៀងដ្រូនខាងលើនោះទេ តែនាយករដ្ឋមន្ត្រី លោក Andris Kulbergs បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងផ្ដល់ឱ្យឡេតូនីនូវចំណេះដឹងខាងបច្ចេកវិទ្យា ព្រមទាំងឱកាសផលិតដ្រូនរួមគ្នា៕




