អាជ្ញាធរតាលីបង់ អះអាងថា​ ការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន សម្លាប់មនុស្ស១៣នាក់នៅអាហ្វហ្កានីស្ថាន (Video inside)

10-06-2026 13:08

(កាប៊ុល)៖ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ នៅថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន​កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បានបើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid បានអះអាងថា មនុស្សយ៉ាងហោច១៤នាក់ផ្សេងទៀត បានទទួលរងរបួស ដែលសុទ្ធតែជាស្រ្តីនិងកុមារ ក្នុងការវាយប្រហាររបស់ប៉ាគីស្ថាន ដែលបានបំពានដែនអាកាសរបស់អាហ្វហ្កានីស្ថាន ហើយត្រូវចំលំនៅដ្ឋាន​របស់ជនស៉ីវិលនៅខេត្ត Kunar, Khost និង Paktika។ ទីក្រុងអ៉ីស្លាម៉ាបាដ ធ្លាប់បន្ទោសទីក្រុងកាប៊ុល ថាផ្តល់កន្លែងជ្រកកោនដល់​ក្រុមសកម្មប្រយុទ្ធ ដែលរៀបផែនការវាយប្រហារនៅប៉ាគីស្ថាន។ តាលីបង់បានច្រានចោលការចោទប្រកាន់នេះ ហើយនិយាយថា សកម្មភាពវាយប្រហារជ្រុលនិយមនៅប៉ាគីស្ថាន គឺជាបញ្ហាផ្ទៃក្នុង។

គួរបញ្ជាក់ថា ការផ្ទុះឡើងអំពើហិង្សាជាថ្មីនេះ គំរាមកំហែងចំពោះភាពស្ងប់ស្ងាត់ប៉ុន្មានខែមកហើយ ក្នុងការប្រយុទ្ធគ្នារវាងអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន បន្ទាប់ពីប្រទេសទាំង២ បានវាយប្រហារគ្នាយ៉ាងកក្រើក កាលពីខែកុម្ភៈ ហើយបណ្តាលឱ្យមានមនុស្សស្លាប់រាប់រយនាក់។ ទីក្រុងកាប៊ុលនិងទីក្រុងអ៉ីស្លាម៉ាបាដ បាន​ឯកភាពគ្នាចំពោះបទឈប់បាញ់ផុយស្រួយមួយ កាលពីខែមីនា ខណៈចិនព្យាយាម​ជួយសម្រុះសម្រួលបិទបញ្ចប់ជម្លោះជាអចិន្រ្តៃយ៍៕