អ៉ីរ៉ង់៖ ក្រុមប្រទេសតំបន់ឈូងសមុទ្រអារ៉ាប់ មានទំនួលខុសត្រូវទប់ស្កាត់ការវាយប្រហាររបស់អាមេរិកនិងអ៉ីស្រាអែល (Video inside)

10-06-2026 13:48

(តេហេរ៉ង់)៖ នាថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសអ៉ីរ៉ង់ បាននិយាយថា ក្រុមប្រទេសជិតខាងនៅតំបន់ឈូងសមុទ្រអារ៉ាប់ មានទំនួលខុសត្រូវខាងសីលធម៌និងខាងផ្លូវច្បាប់ ដើម្បីទប់ស្កាត់ការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល ស្របពេលដែលទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន បើកការវាយប្រហារដាក់គ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងការបរទេសអ៉ីរ៉ង់ បានគូសបញ្ជាក់ឡើងវិញ នូវទំនួលខុសត្រូវខាងសីលធម៌និងខាងផ្លូវច្បាប់របស់ប្រទេសទាំងអស់ នៅក្នុងតំបន់ ជាពិសេសអ្នកដែលស្ថិតនៅ តាមបណ្តោយត្រើយភាគខាងត្បូងនៃឈូងសមុទ្រពែក្ស ក្នុងការទប់ស្កាត់យោធាអាមេរិកនិងអ៉ីស្រាអែល ពីការប្រើប្រាស់ទឹកដីឬមូលដ្ឋានរបស់ពួកគេ ដើម្បីបង្កើតគម្រោង ចាត់ចែងរៀបចំ អនុវត្ត ឬគាំទ្រទង្វើអរិភាពនានាប្រឆាំងប្រទេសអ៉ីរ៉ង់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) បានបើកការវាយប្រហារលើអ៉ីរ៉ង់ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា តេហេរ៉ង់បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache មួយគ្រឿងរបស់អាមេរិក ក្នុងតំបន់ច្រកសមុទ្រ Hormuz។ បើតាមលោក ត្រាំ ពីឡុតអាមេរិក ២នាក់នៅលើ ឧទ្ធម្ភាគចក្រ Apache ដែលត្រូវបានបាញ់ទម្លាក់ មិនបានរងរបួសអ្វីនោះទេ ហើយត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព។ ជាការឆ្លើយតប ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក នៅប្រទេសអារ៉ាប់មួយចំនួន រួមមានបារ៉ែននិងហ៊្សកដានី៕