តៃវ៉ាន់និងចិនប្រកែកគ្នា ជុំវិញភាពស្របច្បាប់នៃសកម្មភាពល្បាតរបស់ឆ្មាំសមុទ្រចិន (Video inside)

10-06-2026 14:16

(តៃប៉ិ/ប៉េកាំង)៖ នាថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ ចិននិងតៃវ៉ាន់បានប្រកែកគ្នាជុំវិញភាពស្របច្បាប់ នៃបេសកកម្មល្បាតរបស់ឆ្មាំសមុទ្រចិន នៅភាគខាងកើតកោះតៃវ៉ាន់ បន្ទាប់ពីទីក្រុងតៃប៉ិបានអះអាងថា កប៉ាល់ពាណិជ្ជកម្មមួយចំនួន បានរងការរំខាននៅក្បែរដែនទឹករបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​Reuters។

ចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន បានកើតមានការខឹងសម្បារបន្ទាប់ពីជប៉ុននិងហ្វីលីពីន កាលពីខែឧសភាកន្លងទៅ បានប្រកាសថា ពួកគេនឹងចាប់ផ្តើម​កិច្ចពិភាក្សាជាផ្លូវការស្តីពីការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ ដោយការកំណត់នោះត្រូវបានមើលឃើញថា ជាប់ពាក់ព័ន្ធនឹងដែនទឹកដែលស្ថិតក្បែរកោះតៃវ៉ាន់។

កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា​ នាវាឆ្មាំសមុទ្រចិនត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការអនុវត្តច្បាប់​ចរាចរណ៍ផ្លូកទឹកពិសេសមួយ នៅក្នុងដែនទឹកភាគខាងកើតតៃវ៉ាន់ ឆ្លើយតបសេចក្តីប្រកាសរបស់ជប៉ុននិងហ្វីលីពីន។ ខាងតៃវ៉ាន់បានអះអាងថា នាវាទាំងនោះប៉ុន្មានថ្ងៃមកនេះ បានរុកកួនរំខានកប៉ាល់ពាណិជ្ជកម្ម តាមរយៈការជជីកសួរព័ត៌មានពួកគេ ស្តីពីប្រភពក៏ដូចជាគោលដៅធ្វើដំណើរ ហើយអះអាងអំពីយុត្តាធិការរបស់ចិន។

លោកស្រី Zhang Han អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយនៅទីក្រុងប៉េកាំងថា បេសកកម្មល្បាតអនុវត្តច្បាប់របស់អាជ្ញាធរចិន នៅក្នុងដែនទឹកភាគខាងកើតតៃវ៉ាន់ គឺជាសកម្មភាពត្រឹមត្រូវដើម្បីរក្សាការពារអធិបតេយ្យជាតិ រួមទាំងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្រ។ អ្នកនាំពាក្យបានបន្តថា ឆ្មាំសមុទ្រចិនធ្វើប្រតិបត្តិការ ដោយស្របតាមច្បាប់អន្តរជាតិ ហើយប្រទេសចិន នឹងបន្តពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើដែនទឹកនៅទីនោះ។

ការល្បាតរបស់ចិនបានធ្វើឱ្យតៃវ៉ាន់មិនពេញចិត្តជាខ្លាំង ដ្បិតទីក្រុងតៃប៉ិប្រកាន់ជំហរមិនទទួលស្គាល់ ការអះអាងអធិបតេយ្យរបស់ទីក្រុងប៉េកាំងឡើយ ហើយសង្កត់ធ្ងន់ថា មានតែប្រជាជនតៃវ៉ាន់ផ្ទាល់ទេ ដែលអាចសម្រេចអនាគតរបស់ពួកគេ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Lin Chia-lung បាននិយាយថា ចិនកំពុងប្រើប្រាស់លេស ដើម្បីពង្រីកការគ្រប់គ្រងនិងឥទ្ធិពលរបស់ខ្លួន។ លោកបានបន្តថា ទីក្រុងប៉េកាំងគ្មានសិទ្ធិអ្វីមកជ្រៀតជ្រែក បញ្ហាពាក់ព័ន្ធដែនទឹកនៅភាគខាងកើតតៃវ៉ាន់ទេ ទោះវាទាក់ទងអធិបតេយ្យឬមួយក៏​យុត្តាធិការរបស់តៃវ៉ាន់ក៏ដោយ។ លោក Lin បានចោទថា ចិនគឺជាអ្នកបង្កបញ្ហានៅក្នុងតំបន់ ដែលកំពុងធ្វើឱ្យខូចស្ថានភាពដើម។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងមិនទទួលស្គាល់ ការអះអាងអធិបតេយ្យរបស់រដ្ឋាភិបាលទីក្រុងតៃប៉ិឡើយ និងបានបដិសេធម្តងហើយម្តងទៀត​ចំពោះសំណើចង់បើកកិច្ចពិភាក្សា ពីសំណាក់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ដែលត្រូវបានចិនចាត់ទុកជា បុគ្គលប៉ុនប៉ងបំបែករដ្ឋដ៏គ្រោះថ្នាក់៕