រដ្ឋមន្រ្តីការបរទេសហ្វីលីពីន គ្រោងជួបក្រុមឧទ្ទាមនៅមីយ៉ាន់ម៉ាក្នុងពេលឆាប់ៗ ដើម្បីជួយស្វែងរកដំណោះស្រាយសម្រាប់សង្រ្គាមស៉ីវិល (Video inside)

10-06-2026 14:48

(ម៉ានីល)៖ នាថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បាននិយាយថា លោកស្រីគ្រោងជួបក្រុមឧទ្ទាមជនជាតិភាគតិចនៃប្រទេសមីយ៉ាន់ម៉ា នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីស្វែងយល់អំពីស្ថានការណ៍ ហើយព្យាយាមជួយរកដំណោះស្រាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោកស្រី Lazaro មិនបានប្រាប់ច្បាស់ថា នរណាដែលលោកស្រីនឹងជួប ហើយជំនួបនោះ នឹងប្រព្រឹត្តទៅនៅកន្លែងណាឡើយ។ លោកស្រី បានត្រឹមនិយាយថា «យើងនឹងចាំមើលថា តើលទ្ធផលនឹងចេញមកបែបណា»។ ហ្វីលីពីនមានតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានក្នុងឆ្នាំនេះ ហើយប្រធានាធិបតី លោក Ferdinand Marcos បានតែងតាំងលោកស្រី Lazaro ជាបេសកជនពិសេសរបស់លោកប្រចាំមីយ៉ាន់ម៉ា។

ប្រទេសសមាជិកអាស៊ានមួយនេះ ត្រូវបានហែកហួរដោយជម្លោះចាប់តាំងពីឆ្នាំ២០២១មក នៅពេលដែលចលនាបាតុកម្មប្រឆាំងរដ្ឋប្រហារយោធា ត្រូវបានបង្រ្កាបយ៉ាងចាស់ដៃ នាំឱ្យឈានទៅផ្ទុះជាសង្រ្គាមស៉ីវិលរីករាលដាលពាសពេញប្រទេស។ កាលពីខែមករា ដើមឆ្នាំ២០២៦នេះ ទីក្រុងម៉ានីល បានបើកកិច្ចប្រជុំមួយជាមួយភាគីពាក់ព័ន្ធនៃជម្លោះមីយ៉ាន់ម៉ា ដែលបានប្រមូលផ្តុំក្រុមឧទ្ទាមជនជាតិភាគតិចប៉ុន្មានក្រុម ដើម្បីព្យាយាមស្វែងរកដំណោះស្រាយ សម្រាប់វិបត្តិរ៉ាំរ៉ៃនេះ។

គួរបញ្ជាក់ថា ចាប់តាំងពីរដ្ឋប្រហារ ថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ត្រូវបានហាមមិនឱ្យចូលរួមកិច្ចប្រជុំកំពូលៗរបស់អាស៊ានឡើយ ប៉ុន្តែឥឡូវអាស៊ាន បានចាប់ផ្តើមស្វែងរក ការធ្វើទំនាក់ទំនងឡើងវិញជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋាភិបាលស៉ីវិលថ្មី បានឡើងកាន់តំណែងកាលពីខែមេសា។ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Min Aung Hlaing ដែលជាអតីតប្រមុខរបបដឹកនាំយោធា បាននិយាយថា រដ្ឋាភិបាលថ្មីរបស់លោក​ នឹងប្រឹងប្រែងស្តារទំនាក់ទំនងឱ្យវិលទៅរកប្រក្រតីភាពវិញ ជាមួយអាស៊ាន៕