ការស្ទង់មតិ៖ ប្រជាជននូវែលសេឡង់មើលឃើញ សហរដ្ឋអាមេរិកជាការគំរាមកំហែងធំជាងចិន (Video inside)
10-06-2026 15:20
(វែលីងតោន)៖ លទ្ធផលស្ទង់មតិមួយដោយអង្គការ Asia New Zealand Foundation បានរកឃើញថា ជាលើកដំបូងបំផុត ក្នុងពេលប្រមាណ១ទសវត្សរ៍ ប្រជាជននូវែលសេឡង់ មើលឃើញសហរដ្ឋអាមេរិកគឺជាការគំរាមកំហែង ធំជាងប្រទេសចិន ខណៈដែលក្តីកង្វល់អំពីការរំខានក្នុងវិស័យពាណិជ្ជកម្ម និងបញ្ហាអស្ថិរភាពសកល ជះឥទ្ធិពលលើទស្សនៈរបស់សាធារណជន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦។
ការស្ទង់មតិប្រចាំឆ្នាំខាងលើ ដែលជាលើកទី២៩ហើយនោះ ត្រូវបានធ្វើឡើងចំពោះមនុស្ស២៣០០នាក់ កាលពីចន្លោះខែមករា និងខែកុម្ភៈ។ លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា ៣៩ភាគរយ បានមើលឃើញសហរដ្ឋអាមេរិក ជាមិត្តរបស់នូវែលសេឡង់ ខណៈ៣៥ភាគរយ មើលឃើញជាការគំរាមកំហែង។ ចំណែកចិនវិញ ត្រូវបាន៤៣ភាគរយមើលឃើញជាមិត្ត និង២៣ភាគរយ មើលឃើញជាការគំរាមកំហែង។
ចំនួនអ្នកដែលមើលឃើញអាមេរិកជាមិត្ត បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ធៀបទៅនឹងការស្ទង់មតិកាលពីឆ្នាំមុន ខណៈទស្សនៈចំពោះប្រទេសចិន មានភាពប្រសើរឡើង។ ការស្ទង់មតិក៏បានរកឃើញផងដែរថា ប្រជាជននូវែលសេឡង់៨១ភាគរយ ចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយអាស៉ី គឺមានសារសំខាន់។
ប៉ុន្មានឆ្នាំចុងក្រោយមកនេះ នូវែលសេឡង់បានបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ និងបច្ចេកវិទ្យាជាមួយសហរដ្ឋអាមរិក ដោយទីក្រុងវែលីងតោនមើលឃើញទីក្រុងវ៉ាស៉ីនតោន ជាតួអង្គដ៏សំខាន់បំផុតចំពោះស្ថិរភាពនៃតំបន់ឥណ្ឌូប៉ាស៉ីហ្វិក និងជាអ្នកដែលអាចទប់ទល់ការរីកធំឡើងនៃឥទ្ធិពលរបស់ចិន។ ប៉ុន្តែទន្ទឹមគ្នានោះ ការនាំចេញទំនិញរបស់នូវែលសេឡង់ បានរងការដំឡើងពន្ធពីអាមេរិក ហើយសេដ្ឋកិច្ចបានប្រឈមសម្ពាធពីការហក់ឡើងខ្ពស់នៃតម្លៃប្រេង ដែលពាក់ព័ន្ធសង្រ្គាមអាមេរិក-អ៉ីស្រាអែល ជាមួយអ៉ីរ៉ង់។
គួរបញ្ជាក់ថា ការថយចុះនៃទស្សនៈវិជ្ជមានចំពោះអាមេរិក កន្លងមកក៏ត្រូវបានសង្កេតឃើញនៅតាមប្រទេសមួយចំនួនទៀតផងដែរ។ តួយ៉ាង ការស្ទង់មតិមួយ ដោយសាកលវិទ្យាទីក្រុងស៉ីដនីនៃប្រទេសអូស្រ្តាលី កាលពីខែធ្នូ ឆ្នាំ២០២៥ បានរកឃើញថា ភាគច្រើននៃប្រជាជនអូស្រ្តាលី ជប៉ុន និងឥណ្ឌា យល់ថាអាណត្តិទី២របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺបានជះផលអាក្រក់សម្រាប់ប្រទេសរបស់ពួកគេ៕






