សមាជិក EU ចំនួន ៥ប្រទេស ស្នើឱ្យប្លុកបង្កើតច្បាប់បន្ថែម ដើម្បីការពារសមាជិក (Video inside)
10-06-2026 15:53
(ព្រុចសែល)៖ នៅក្នុងសំណើរួមគ្នា អាល្លឺម៉ង់ បារាំង ហូឡង់ បែលហ្ស៉ិក និងលុចសំបួរ បានអំពាវនាវដល់សហភាពអឺរ៉ុប (EU) ឱ្យពិភាក្សាអំពីជម្រើសកំណត់សិទ្ធិបោះឆ្នោតបណ្តោះអាសន្ន សម្រាប់សមាជិកថ្មីនាពេលអនាគត និងបង្កើតច្បាប់ការពារប្លុកបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦។
សំណើរបស់ប្រទេសទាំង ៥ មានលើកឡើងនូវជម្រើសដែលអាចធ្វើទៅបាន ក្នុងសន្ធិសញ្ញាចូលជាសមាជិក រួមទាំងយន្តការត្រួតពិនិត្យថ្មី និងលក្ខខណ្ឌការពារ ដែលនឹងអនុញ្ញាតឱ្យមានការចាត់វិធានការនានា ក្នុងករណីមានការដើរថយក្រោយខ្លាំង ក្នុងវិស័យដូចជា លទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាន។
ប្រទេសទាំង ៥ គូសបញ្ជាក់ថា «EU គួរតែពិភាក្សាស៉ីជម្រៅអំពីលទ្ធភាព នៃការរឹតត្បិតសិទ្ធិបោះឆ្នោតបណ្តោះអាសន្ន និងអន្តរកាលសម្រាប់រដ្ឋសមាជិកថ្មី ជាពិសេសលើផ្នែកខ្លះ ដែលត្រូវការការឯកភាពគ្នា» ដោយចង្អុលទៅការពង្រីក គោលនយោបាយការបរទេស និងកញ្ចប់ថវិការបស់ EU»។
គួរបញ្ជាក់ថា ប្រទេសម៉ុងតេណេហ្គ្រោ សង្ឃឹមថានឹងចូលជាសមាជិក EU ក្នុងឆ្នាំ២០២៨ ហើយអាល់បានី អ៊ុយក្រែន និងម៉ុលដាវី កំពុងជំរុញវឌ្ឍនភាពលើដំណើរការចូលជាសមាជិក។ ការពិភាក្សាក្នុងចំណោមរដ្ឋាភិបាលប្រទេស EU កំពុងបន្ត លើបញ្ហាថាតើច្បាប់សម្រាប់សមាជិកថ្មី គួរផ្លាស់ប្តូរឬអត់។
សមាជិក EU ខ្លះ កំពុងជំរុញឱ្យមានការបង្កើតវិធានការការពារកាន់តែរឹងមាំ សម្រាប់សមាជិកនាពេលអនាគត ដែលមួយផ្នែកដោយសារតែបទពិសោធន៍របស់ប្លុក ពាក់ព័ន្ធការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសហុងគ្រី ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី Viktor Orban៕





