ឥណ្ឌូណេស៉ី កែច្បាប់ដើម្បីផ្តល់សិទ្ធិឱ្យនគរបាលជាតិ អាចបម្រើការងារស៉ីវិលក្នុងរដ្ឋាភិបាល (Video inside)
10-06-2026 16:17
(ហ្សាការតា)៖ សភារបស់ប្រទេសឥណ្ឌូណេស៉ី បានអនុម័តលើវិសោធនកម្មច្បាប់នគរបាលជាតិ កាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ ដែលនឹងអនុញ្ញាតឱ្យមន្ត្រីនគរបាល កំពុងបំពេញការងារកាន់មុខតំណែងស៉ីវិល នៅក្នុងរដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការធ្វើវិសោធនកម្មនេះបានកើតឡើងមួយឆ្នាំ បន្ទាប់ពីសភាបានកែសម្រួលច្បាប់យោធារបស់ប្រទេស ដោយបានបែងចែកមុខតំណែងស៉ីវិលបន្ថែមទៀត ឱ្យដល់នាយទាហាន។
យោងតាមច្បាប់ថ្មី មន្ត្រីនគរបាលកំពុងបំពេញការងារ មិនចាំបាច់លាលែងពីតំណែងឡើយ នៅពេលត្រូវបានតែងតាំងឱ្យបម្រើការតាមស្ថាប័នរដ្ឋ ឬក្រសួងផ្សេងៗក្រៅពីនគរបាលជាតិ រួមទាំងមុខតំណែងស៉ីវិល។ មុខតំណែងទាំងនោះ គឺជាមុខតំណែងដែលពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់ ការការពារ ថែទាំ និងផ្តល់សេវាកម្មដល់សាធារណជន នៅក្នុងក្រសួង ឬស្ថាប័នរដ្ឋ។ មន្ត្រីនគរបាលសកម្ម ក៏អាចបំពេញមុខតំណែងក្រៅអង្គភាពរបស់ខ្លួនបានដែរ ដោយផ្អែកលើសំណើពីប្រធានាធិបតី ក្រសួង ឬទីភ្នាក់ងាររដ្ឋ ប្រសើនបើមានតម្រូវការលើជំនាញរបស់ពួកគេ។
គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់តំណែង ក្នុងឆ្នាំ២០២៤ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto បានពង្រីកតួនាទីរបស់យោធាទៅក្នុងកិច្ចការស៉ីវិល ដោយបានតែងតាំងមន្ត្រីប៉ូលិស និងយោធាជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាលរបស់លោក៕






