ចិនអំពាវនាវឱ្យគ្រប់ភាគី បញ្ឈប់ភាពតានតឹងក្នុងសង្រ្គាមនៅមជ្ឈិមបូព៌ា (Video inside)

10-06-2026 16:53

(ប៉េកាំង)៖ នាថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ ចិនបានសម្តែងក្តីបារម្ភយ៉ាងខ្លាំង ជុំវិញជម្លោះដែលកំពុងកើនឡើងក្នុងតំបន់មជ្ឈិមបូព៌ា និងបានស្នើឱ្យបញ្ឈប់ភាពតានតឹង ក្រោយសហរដ្ឋអាមេរិកវាយប្រហារអ៉ីរ៉ង់ ដើម្បីសងសឹកចំពោះករណីបាញ់ធ្លាក់ឧទ្ធម្ភាគចក្រអាមេរិកមួយគ្រឿង។ នេះបើយោងតាមការចេញយផ្សាដោយទីភ្នាក់ងារសារព័ត៌មាន AFP

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ប្រាប់សន្និសីទសារព័ត៌មានថា «ភាគីពាក់ព័ន្ធផ្សេងៗ គួរតែរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ បញ្ឈប់ការធ្វើឱ្យជម្លោះ និងស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង ហើយចាត់វិធានការជាក់ស្តែង ដើម្បីបន្ថយភាពតានតឹង»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) បានបើកការវាយប្រហារលើអ៉ីរ៉ង់ បន្ទាប់ពីលោក ដូណាល់ ត្រាំ និយាយថាតេហេរ៉ង់បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache មួយគ្រឿងរបស់អាមេរិក ក្នុងតំបន់ច្រកសមុទ្រ Hormuz។ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នៅថ្ងៃពុធនេះ បានបើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ដើម្បីជាការសងសឹក៕