គណបក្ស Likud បញ្ជាក់ថា លោក នេតាន់យ៉ាហ៊ូ នឹងឈរឈ្មោះបោះឆ្នោតឡើងវិញ ក្រោយលោក ត្រាំ សម្តែងការសង្ស័យ (Video inside)

10-06-2026 21:26

(តេអាវីវ)៖ គណបក្ស Likud របស់អ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃពុធថា នាយករដ្ឋមន្ត្រី លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គណបក្ស Likud បានបញ្ជាក់យ៉ាងខ្លីថា លោក នេតាន់យ៉ាហ៊ូ នឹងចូលរួមប្រកួតប្រជែង ហើយរំពឹងថានឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ដែលត្រូវធ្វើឡើងយ៉ាងយូរបំផុតត្រឹមខែតុលា។ ការបញ្ជាក់នេះធ្វើឡើងឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ត្រាំ ដែលត្រូវបានអ្នកសារព័ត៌មានដកស្រង់សម្តីថា «ខ្ញុំមិនដឹងទេ។ គាត់មានអាជីពនយោបាយដ៏អស្ចារ្យមកហើយ។ តើគាត់នៅចង់បន្តទៀតឬទេ?»។

ការបោះឆ្នោតខាងមុខនេះ គឺជាការបោះឆ្នោតលើកដំបូងចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីចុងឆ្នាំ២០២៣។ បច្ចុប្បន្ន លោក នេតាន់យ៉ាហ៊ូ កំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំង ដោយការស្ទាបស្ទង់មតិបង្ហាញថា ពលរដ្ឋអ៊ីស្រាអែលជាង ៦០ភាគរយ មិនចង់ឱ្យលោកបន្តឈរឈ្មោះនោះទេ ខណៈដែលសម្ព័ន្ធភាពកាន់អំណាចរបស់លោកក៏អាចនឹងបាត់បង់សំឡេងភាគច្រើនផងដែរ។

ទោះបីជាទំនាក់ទំនងរវាងលោក នេតាន់យ៉ាហ៊ូ និងលោក ត្រាំ ជួបភាពរកាំរកូសនាពេលថ្មីៗនេះ ជុំវិញការទាមទាររបស់អាមេរិកឱ្យអ៊ីស្រាអែលផ្អាកការវាយប្រហារនៅលីបង់ក្តី ក៏មន្ត្រីទាំងសងខាងអះអាងថាមេដឹកនាំទាំងពីរនៅតែមានទំនាក់ទំនងជិតស្និទ្ធ។ កន្លងមក លោក ត្រាំ ក៏តែងតែអំពាវនាវឱ្យមានការលើកលែងទោសដល់លោក នេតាន់យ៉ាហ៊ូ ជុំវិញសំណុំរឿងពុករលួយ ដែលលោកនាយករដ្ឋមន្ត្រីរូបនេះតែងតែបដិសេធផងដែរ៕