មនុស្ស ៧នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះ នៅតំបន់ Guangxi ប្រទេសចិន (Video inside)

11-06-2026 09:28

(ប៉េកាំង)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសចិនបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ ថាមនុស្ស ៧នាក់បានស្លាប់ក្នុងហេតុការណ៍ផ្ទុះមួយនៅក្នុងតំបន់ Guangxi ស្ថិតនៅភាគនិរតីនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រុមមន្ត្រីចិន មនុស្ស ១៧នាក់ក៏បានរងរបួសផងដែរ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយក្នុងចំណោមពួកគេគ្មាននរណាម្នាក់រងរបួសធ្ងន់ដែលអាចគំរាមកំហែងដល់ អាយុជីវិតនោះទេ។ ចំណែក មនុស្សផ្សេងទៀតដែលរងរបួសស្រាលបានទទួលការព្យាបាល និងទទួលការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

គួរបញ្ជាក់ថា បើតាមការស៊ើបអង្កេតបឋម ក្រុមមន្ត្រីចិនបានច្រានចោលការសង្ស័យដែលថាហេតុការណ៍ផ្ទុះនេះកើតឡើងដោយសារបញ្ហាបំពង់ឧស្ម័ន ហើយក្រុមមន្ត្រីស៊ើបអង្កេត កំពុងធ្វើការងាររបស់ពួកគេដើម្បីកំណត់ឱ្យច្បាស់ពីមូលហេតុនៃហេតុការណ៍ផ្ទុះខាងលើ៕