ចៅហ្វាយមន្ទីរបញ្ចកោណព្រមានគុយបា កុំឱ្យទិញអាវុធដែលអាចបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក (Video inside)

11-06-2026 10:18

(គុយបា)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth កាលពីថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ បានព្រមានរដ្ឋាភិបាលគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក ឬមូលដ្ឋានទ័ពអាមេរិកនៅឯឆ្នេរ Guantanamo Bay ដោយនិយាយថាវាមានតែបង្កឱ្យមានការប្រឈមមុខដាក់គ្នាមួយដែលទីក្រុងឡាហាវ៉ានគ្មានសមត្ថភាពទប់ទល់ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Hegseth ធ្វើការកត់សម្គាល់បែបនេះទៅកាន់កងទ័ពអាមេរ អំឡុងធ្វើទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពជើងទឹកអាមេរិកនៅឯឆ្នេរ Guantanamo Bay។ តាមលោកប្រមុខការពារជាតិអាមេរិក លោកផ្ទាល់នៅតែមានសង្ឃឹមចំពោះភាពវិជ្ជមាននៃទំនាក់ទំនងជាមួយគុយបា។ លោក Hegseth បានលើកឡើងដូច្នេះថា «វាមិនមែនជារឿងឈ្លាសវៃនោះទេដែលគុយបាព្យាយាមទិញ ឬស្វែងរកប្រភេទអាវុធដែលអាចបាញ់ដល់ទឹកដអាមេរិក ឬមូលដ្ឋានទ័ពអាមេរិកនៅឆ្នេរ Guantanamo»

លោកមិនបានបញ្ជាក់លម្អិតពីប្រភេទអាវុធណាមួយនោះទេ។ តែបានព្រមានថាការទិញប្រភេទអាវុធដែលលោកបានលើកឡើងនឹងមានតែបង្កឱ្យមានការប្រឈមមុខដាក់គ្នាមួយដែលគុយបាគ្មានសមត្ថភាពទប់ទល់ឡើយ ហើយនៅលើពិភពលោកនេះក៏គ្មានប្រទេសណាមួយមានសមត្ថភាពប្រឈមមុខជាមួយសហរដ្ឋអាមេរិកនោះដែរ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Hegseth ទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅឯឆ្នេរ Guantanamo គឺជាដំណើរទស្សនកិច្ចលើកចុងក្រោយបំផុតមួយធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ និងកើតឡើងចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្កើនការដាក់សម្ពាធលើគុយបា៕