សេតវិមាន ការពារចំណាត់ការដាក់ទណ្ឌកម្មលើគុយបា ខណៈ UN ព្រមានពីគ្រោះថ្នាក់ (Video inside)
11-06-2026 11:50
(វ៉ាស៉ីនតោន)៖ មន្រ្តីរដ្ឋបាលលោក ត្រាំ បានការពារចំណាត់ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើប្រទេសគុយបា បន្ទាប់ពីប្រធានទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានព្រមានថា សកម្មភាពរបស់សហរដ្ឋអាមេរិក កំពុងបង្កគ្រោះថ្នាក់ដល់ការរស់នៅ និងអាយុជីវិតប្រជាជនគុយបា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦។
ឆ្លើយតបនឹងសំណើសុំការបញ្ជាក់ មន្រ្តីសេតវិមានម្នាក់បានប្រាប់ Reuters ថាទណ្ឌកម្មទាំងនេះ កំណត់គោលដៅលើមេដឹកនាំ និងអង្គភាពគាំទ្ររបបដឹកនាំរបបគុយបា ដែលនាំឱ្យមានអស្ថិរភាពសន្តិសុខជាតិអាមេរិក។
កាលពីដើមសប្តាហ៍ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់ UN លោក Volker Turk បាននិយាយថា ចំណាត់ការរបស់សហរដ្ឋអាមេរិក បង្កផលប៉ះពាល់ដល់សិទ្ធិប្រជាជនគុយបា ជាពិសេសទាក់ទងនឹងការផ្គត់ផ្គង់ និងផ្តល់សេវាផ្សេងៗ រួមទាំងទឹក ស្បៀងអាហារ និងសុខាភិបាល។
ដោយចង្អុលបង្ហាញទៅការអត្ថាធិប្បាយរបស់ប្រមុខការទូតអាមេរិក មន្រ្តីសេតវិមានរូបនោះនិយាយថា រឿងតែមួយគត់ដែលរាំងផ្លូវ នោះគឺថ្នាក់ដឹកនាំបច្ចុប្បន្នរបស់គុយបា ដោយបន្ថែមថា ថ្នាក់ដឹកនាំនៃប្រទេសនេះ គួរតែធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក មុនពេលវាយឺតពេល៕






