រដ្ឋាភិបាលអាមេរិក កាលពីខែឧសភាបានសងប្រាក់ ២២ពាន់លានដុល្លារវិញ នៃការប្រមូលពន្ធគយដែលតុលារការកំពូលចាត់ទុកខុសច្បាប់ (Video inside)

11-06-2026 13:29

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងហិរញ្ញវត្ថុអាមេរិក បាននិយាយថា អាជ្ញាធរបានទូទាត់សងប្រាក់ចំនួន ២២ពាន់លានដុល្លារកាលពីខែឧសភា ឱ្យទៅបណ្តាក្រុមហ៊ុននាំចូលវិញ ដែលជាការផ្តល់សំណងទំហំធំលើកដំបូង ចាប់តាំងតែពីតុលាការកំពូល បានលុបចោលវិធានការដំឡើងពន្ធគយជាសកលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទិន្នន័យពីក្រសួងហិរញ្ញវត្ថុអាមេរិក បានបង្ហាញថា ទំហំនៃការសងប្រាក់ពន្ធគយកាលពីខែឧសភាខាងលើនេះ គឺស្មើនឹងផាត់ចោលចំណូលនៃ​ការប្រមូលពន្ធគយក្នុងខែដដែលនោះ ដែលមានចំនួន២២ពាន់លានដុល្លារដូចគ្នា។ វាកើតមានឡើងបន្ទាប់ពីតុលាការកំពូល កាលពីខែកុម្ភៈ ឆ្នាំនេះ បានបង្កជាឧបសគ្គរារាំងធំមួយ ចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់លោក ត្រាំ តាមរយៈការចេញសេចក្តីសម្រេចថា លោកប្រធានាធិបតីបានប្រើអំណាចហួស ក្នុងការយកច្បាប់ស្តីពីអំណាចគ្រប់គ្រងសេដ្ឋកិច្ចក្នុងគ្រាអាសន្ន ដើម្បីដំឡើងពន្ធខ្ពស់ជាសកលលើ ដៃគូពាណិជ្ជកម្មនានា​របស់អាមេរិក។

ចាប់តាំងពីពេលនោះមក ប្រព័ន្ធផ្តល់ប្រាក់ត្រឡប់ទៅវិញ ដែលចាត់ចែងដោយទីភ្នាក់ងារគយរបស់អាមេរិក បានចាប់ផ្តើមដំណើការសងប្រាក់ នៃចំណូលពន្ធសរុបប្រមាណ ១៦៦ពាន់លានដុល្លារ ដែលត្រូវបានប្រមូលនៅក្រោមច្បាប់ហៅកាត់ថា IEEP។ ប៉ុន្តែរដ្ឋបាលលោក ត្រាំ ក៏បាន​ប្តឹងតវ៉ាជុំវិញការបង្គាប់ឱ្យសងប្រាក់ពន្ធនេះផងដែរ ដូច្នេះហើយវាអាចនឹងមានផលវិបាក ចំពោះដំណើរការទូទាត់ប្រាក់សំណងទាំងនេះ។

គួរបញ្ជាក់ថា ចាប់តាំងពីតុលាការកំពូល ចេញសេចក្តីសម្រេចប្រឆាំងពន្ធគយសកលរបស់លោក ត្រាំ មេដឹកនាំអាមេរិករូបនេះ បានងាកទៅរក​មធ្យោបាយដាច់ដោយឡែកផ្សេងទៀត ដើម្បីដំឡើងពន្ធគយថ្មី ក្នុងអត្រា១០ភាគរយ លើការនាំចូល។ ស្របពេលពន្ធគយថ្មីនេះ មានលក្ខណៈបណ្តោះអាសន្ន ក្រុមមន្រ្តីអាមេរិក ក៏បានបោះជំហានឆ្ពោះទៅរក ការដាក់ចេញពន្ធគយដែលមានសុពលភាពយូរអង្វែង ថែមទៀតផង។ ដោយឡែក សេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិក មិនប៉ះពាល់លើការដំឡើងពន្ធចំពោះវិស័យជាក់លាក់ លើទំនិញដូចជាដែកថែប អាលុយមីញ៉ូម និងយានយន្ត នោះឡើយ៕