មេ FIFA ថា ការរៀបចំព្រឹត្តិការណ៍ World Cup នៅសហរដ្ឋអាមេរិក គឺមិនអាចទៅរួចដោយគ្មានលោក ត្រាំ (Video inside)
11-06-2026 13:56
(ម៉ិកស៉ីកូ)៖ កាលពីថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA លោក Gianni Infantino បាននិយាយថា វាច្បាស់ជាមិនអាចទៅរួចនោះទេ ក្នុងការរៀបចំព្រឹត្តិការណ៍ World Cup នៅសហរដ្ឋអាមេរិក ប្រសិនបើគ្មានប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងម៉ិកស៉ីកូ មួយថ្ងៃមុនការចាប់ផ្តើមព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលមានសហរដ្ឋអាមេរិក ម៉ិកស៉ិក និងកាណាដា ធ្វើជាម្ចាស់ផ្ទះរួមគ្នា លោក Infantino បានលើកឡើងដូច្នេះថា «ខ្ញុំមានទំនាក់ទំនងល្អណាស់ជាមួយលោកប្រធានាធិបតី ត្រាំ ហើយខ្ញុំរីករាយជាខ្លាំង។ ខ្ញុំបានស្គាល់លោក ត្រាំ អំឡុងអាណត្តិទី១របស់លោក ហើយយើងបាននិងកំពុងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ នាពេលនេះអំឡុងអាណត្តិទី២របស់លោក»។
លោក Infantino បានបន្តថា ប្រសិនបើគ្មានការចូលរួមពាក់ព័ន្ធពីលោក ត្រាំ ទេនោះ គឺវាមុខជាមិនអាចទៅរួចឡើយ ក្នុងការរៀបចំព្រឹត្តិការណ៍ World Cup នៅសហរដ្ឋអាមេរិក។ លោក Infantino បានបកស្រាយថា លោក ត្រាំ យល់ច្បាស់ភ្លាមៗពីវិសាលភាពនៃ World Cup ពីឥទ្ធិពលនៃព្រឹត្តិការណ៍នេះ ហើយបានបង្គាប់ឱ្យរដ្ឋបាលរបស់លោកជួយនិងគាំទ្រ។
ក្រុមមន្រ្តីអន្តោប្រវេសន៍អាមេរិក បានហាមឃាត់អាជ្ញាកណ្តាលឆ្នើមម្នាក់របស់អាហ្រ្វិក មិនឱ្យចូលសហរដ្ឋអាមេរិក ឈ្មោះ Omar Aratan ដែលនឹងត្រូវក្លាយជាអាជ្ញាកណ្តាលដំបូងគេ មកពីប្រទេសសូម៉ាលី ដែលមានវត្តមានក្នុងការប្រកួត World Cup។ នៅពេលត្រូវបានសួរនាំពីករណីនេះ លោក Infantino បានឆ្លើយថា វាជារឿងគួរឱ្យសោកស្តាយ ប៉ុន្តែ FIFA មិនអាចគ្រប់គ្រងរឿងគ្រប់យ៉ាងនោះទេ។
គួរបញ្ជាក់ថា លោក Infantino បានកសាងចំណងមិត្តភាពរឹងមាំមួយជាមួយលោក ត្រាំ ហើយថែមទាំងបានផ្តល់ពានរង្វាន់សន្តិភាព ដែល FIFA ទើបបង្កើតឡើងជាលើកដំបូង ឱ្យទៅរូបលោកកាលពីខែធ្នូ ឆ្នាំ២០២៥ទៀតផង ពោលគឺមុនពេលយោធាអាមេរិក បានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា ហើយចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro ព្រមទាំងបំផ្ទុះសង្រ្គាមប្រឆាំងប្រទេសអ៉ីរ៉ង់ ក្នុងឆ្នាំ២០២៦នេះ៕







