UN៖ អត្រាអ្នកផ្លាស់ទីលំនៅដោយបង្ខំ ទូទាំងពិភពលោក បានថយចុះកាលពីឆ្នាំមុន ប៉ុន្តែតួលេខនៅតែខ្ពស់ (Video inside)

11-06-2026 14:26

(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ចំនួន​ប្រជាជន​ដែល​ផ្លាស់​ទីលំនៅ​ដោយ​បង្ខំ​ បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ១ទសវត្សរ៍​ កាលពី​ឆ្នាំ​មុន ខណៈ​ដែល​មនុស្ស​ជាច្រើន​​ជ្រើសរើស​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ទោះបីជាគ្មាន​សុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ AFP នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦។

ទីភ្នាក់ងារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ (UNHCR) បានលើកឡើងថា នាចុងឆ្នាំ២០២៥ មនុស្សចំនួន ១១៧,៨លាននាក់ទូទាំងពិភពលោក ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ តែតួលេខនេះគឺធ្លាក់ចុះ ៥,៤លាននាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។

UNHCR បញ្ជាក់ថា ចំនួនអ្នកភៀសខ្លួនដោយសារសង្គ្រាម អំពើហិង្សា និងការធ្វើទុក្ខបុកម្នេញ គឺនៅតែ «ខ្ពស់មិនអាចទទួលយកបាន»។ UNHCR ពន្យល់ថា ចំនួនដែលធ្លាក់ចុះនេះ គឺផ្សារភ្ជាប់ទៅនឹងការហក់ឡើងខ្ពស់ នៃចំនួនជនភៀសខ្លួន និងអ្នកផ្លាស់ទីលំនៅក្នុងស្រុក ដែលសម្រេចចិត្តត្រឡប់មកផ្ទះវិញ។

ប្រធាន UNHCR លោក Barham Salih បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​ទីក្រុង​ហ្សឺណែវ​ថា ជាង ៩០ភាគរយនៃ​ជនភៀសខ្លួន​ដែល​វិលត្រឡប់​ទៅ​វិញ​កាលពី​ឆ្នាំមុន ​មានអាហ្វហ្គានីស្ថាន ស៊ូដង់ និង​ស៉ីរី។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ពួកគេត្រឡប់ទៅវិញ មិនមែនដោយសារតែស្ថានភាពប្រសើរឡើងទេ ប៉ុន្តែដោយសារស្ថិតក្រោមសម្ពាធ។

UNHCR ជំរុញឱ្យមានសកម្មភាព ដើម្បីកាត់បន្ថយការផ្លាស់ទីលំនៅរយៈពេលវែង ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ៕