មន្រ្តីការទូតអាមេរិកម្នាក់ស្លាប់នៅមីយ៉ាន់ម៉ា ស្រ្តីជនជាតិថៃត្រូវបានចាប់ខ្លួន (Video inside)

11-06-2026 15:57

(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា មន្រ្តីការទូតអាមេរិកម្នាក់ ត្រូវបានរកឃើញស្លាប់នៅទីក្រុងធំជាងគេនៃប្រទេសមីយ៉ាន់ម៉ា ហើយស្រ្តីជនជាតិថៃម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦។

ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ឱ្យដឹងពីការស្លាប់របស់បុគ្គលិករដ្ឋាភិបាលអាមេរិកម្នាក់​ ដែលត្រូវចាត់តាំងឱ្យបំពេញការងារនៅស្ថានទូត​ប្រចាំទីក្រុង Yangon នៃប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតជាងនេះទៀតទេ។ យ៉ាងណាមិញ ប្រភពពីប៉ូលិសមីយ៉ាន់ម៉ា បានបង្ហើបថា បុរសដែលជាមន្រ្តីការទូតអាមេរិកម្នាក់នោះ​ ត្រូវបានរកឃើញស្លាប់ តាំងតែពីថ្ងៃទី១១ ខែឧសភា នៅក្នុងបន្ទប់អគារស្នាក់នៅនិងសណ្ឋាគារ Sakura Residence & Hotel។

គួរបញ្ជាក់ថា ទីតាំងខាងលើ ដែលផ្តល់សេវាជួលស្នាក់នៅរយៈពេលវែង គឺពេញនិយមក្នុងចំណោមអ្នកការទូត ធុរជន និងភ្ញៀវអន្តរជាតិដទៃទៀត ហើយស្ថិតនៅចម្ងាយត្រឹមជាង ១គីឡូម៉ែត្រប៉ុណ្ណោះ ពីស្ថានទូតអាមេរិក។ បើតាមប្រភពពីសហគមន៍អ្នកការទូតនៅទីក្រុង Yangon ប៉ូលិសមីយ៉ាន់ម៉ាកំពុងចាត់ទុកករណីនេះ អាចជា​ករណីឃាតកម្ម ខណៈបុរសរងគ្រោះអាយុ ៤៣ឆ្នាំ មានស្នាមរបួសដោយអាវុធមុតស្រួចនៅត្រង់ក្បាលនិងក ហើយស្រ្តីជនជាតិថៃម្នាក់ ដែលរកឃើញក្នុងបន្ទប់ស្នាក់នៅរបស់លោក ត្រូវបានឃាត់ខ្លួន៕