ចាប់តាំងពីមានវិបត្តិថាមពល ឥណ្ឌូណេស៉ីដំឡើងថ្លៃប្រេងឥន្ធនៈជាង ៣០ភាគរយ

11-06-2026 16:17

(ហ្សាការតា)៖ ក្រុមហ៊ុនរដ្ឋឥណ្ឌូណេស៉ី Pertamina បានដំឡើងថ្លៃប្រេងឥន្ធនៈប៉ុន្មានប្រភេទ ប្រហែល ១ភាគ ៣ ចាប់តាំងពីផ្ទុះសង្គ្រាមអ៉ីរ៉ង់ ហើយរដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៉ី បាននិយាយថា វានឹងជះឥទ្ធិពលខ្លះៗលើអតិផរណា ចំពេលមានក្តីបារម្ភពីការចំណាយរបស់រដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តម្លៃសាំង 92-octane ដែលគេស្គាល់ថា Pertamax និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយក្រុមប្រជាជនវណ្ណៈកណ្តាល ត្រូវបានដំឡើងដល់ ១៦,២៥០រូពីឥណ្ឌូណេស៉ី ឬជិត ១ដុល្លារអាមេរិកក្នុងមួយលីត្រ ពោលគឺបានកើនឡើងជាង ៣២ភាគរយ។ រីឯ Pertamax Green ដែលជាប្រភេទសសាំង 95-octane លាយអេតាណុល ត្រូវបានដំឡើងថ្លៃដល់ ១៧,០០០រូពីក្នុងមួយលីត្រ ពោលគឺកើនឡើងជិត ៣២ភាគរយ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Purbaya Yudhi Sadewa បានលើកឡើងថា ផលប៉ះពាល់ចំពោះអតិផរណា ពីការដំឡើងថ្លៃនេះ ត្រូវបានរំពឹងថា នឹងមានកម្រិត ពីព្រោះប្រេងឥន្ធនៈទាំងនេះ មិនត្រូវបានប្រើប្រាស់ សម្រាប់ការដឹកជញ្ជូនសាធារណៈ។ ដោយឡែក លោកស្រី Radhika Rao អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារ DBS បាននិយាយថា បូករួម​ជាមួយ​​ការ​កែសម្រួល​គោលនយោបាយ​រូបិយវត្ថុ ក៏តម្រូវឱ្យមានកែសម្រួលគោលនយោបាយ​សារពើពន្ធ​ ដើម្បី​គាំទ្រ​សេដ្ឋកិច្ច​ផង​ដែរ៕