អ៉ីរ៉ង់ថាការវាយប្រហាររបស់អាមេរិក ធ្វើឱ្យបទឈប់បាញ់ដែលកំពុងអនុវត្ត សឹងតែលែងមានតម្លៃ (Video inside)

11-06-2026 16:19

(តេហេរ៉ង់)៖ នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសអ៉ីរ៉ង់ បានថ្កោលទោសការវាយប្រហារថ្មីៗចុងក្រោយរបស់អាមេរិក មកលើប្រទេសរបស់ខ្លួន ដោយនិយាយថា សកម្មភាពទាំងនេះធ្វើឱ្យបទឈប់បាញ់ ដែលមានរយៈពេលជិត២ខែមកហើយ សឹងតែលែងមានតម្លៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការបរទេសអ៉ីរ៉ង់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ការវាយប្រហារដោយខុសច្បាប់របស់អាមេរិកថ្មីៗចុងក្រោយនេះ មិនត្រឹមតែជាការបំពានយ៉ាងច្បាស់ក្រឡែតប៉ុណ្ណោះ​ទេ ប៉ុន្តែក៏ធ្វើឱ្យបទឈប់បាញ់សឹងតែលែងមានតម្លៃតទៀតផងដែរ។ ទីក្រុងតេហេរ៉ង់ បានបន្ថែមថា ការទទួលខុសត្រូវ សម្រាប់ផលវិបាកដ៏ធ្ងន់ធ្ងរបំផុតនៃទង្វើខុសច្បាប់នេះ គឺស្ថិតនៅលើថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិកទាំងស្រុង។ ក្រោយសង្រ្គាមរបស់អាមេរិកនិងអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ បទឈប់បាញ់មួយបានចូលជាធរមាន កាលពីថ្ងៃទី៨ ខែមេសា ដើម្បីផ្តល់ឱកាសសម្រាប់កិច្ចប្រឹងប្រែងចរចាបិទបញ្ចប់ជម្លោះវិញ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានបើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេល ៣ខែមកនេះ កំពុងជាប់គាំង រីឯតេហេរ៉ង់ ក៏បានបើកការវាយប្រហារសងសឹកវិញ លើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ ជាមួយការគំរាមកំណត់គោលដៅលើ កប៉ាល់ទាំងឡាយដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz៕