អាមេរិក និងកូរ៉េខាងត្បូង ជួបពិភាក្សាពីយុទ្ធសាស្ត្រទប់ទល់នុយក្លេអ៊ែរ ខណៈកូរ៉េខាងជើងកំពុងពង្រីកឃ្លាំងអាវុធយ៉ាងគំហុក (Video inside)

11-06-2026 21:04

(សេអ៊ូល)៖ មន្ត្រីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានរៀបចំកិច្ចប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) នៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាពីការពង្រឹងយុទ្ធសាស្ត្រកំញើញនុយក្លេអ៊ែរ និងការត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចប្រជុំនេះប្រព្រឹត្តទៅចំពេលមានក្តីបារម្ភយ៉ាងខ្លាំង ក្រោយពីកូរ៉េខាងជើងបានបញ្ចេញរូបភាពមេដឹកនាំ លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យរោងចក្រផលិតសារធាតុនុយក្លេអ៊ែរថ្មីមួយ និងបានបញ្ជាឱ្យបង្កើនការផលិតអាវុធនុយក្លេអ៊ែរជាលំដាប់។ ភាគីទាំងពីរបានពិនិត្យមើលវឌ្ឍនភាពការងារជាច្រើន រួមមាន ការចែករំលែកព័ត៌មាន នីតិវិធីដោះស្រាយវិបត្តិ និងការធ្វើសមយុទ្ធរួមគ្នា ដើម្បីធានាបាននូវការត្រៀមខ្លួនរបស់សម្ព័ន្ធមិត្ត។

ក្រុមអ្នកជំនាញបានវាយតម្លៃថា សមត្ថភាពផលិតសារធាតុនុយក្លេអ៊ែរកម្រិតអាវុធរបស់ទីក្រុងព្យុងយ៉ាង (Pyongyang) អាចនឹងកើនឡើងខ្ពស់ជាងការរំពឹងទុកឆ្ងាយណាស់។ យោងតាមរបាយការណ៍វិភាគ គ្រាន់តែរោងចក្រថ្មីនៅយ៉ុងប្យន (Yongbyon) មួយ អាចមានម៉ាស៊ីនសង់ទ្រីហ្វុយ (Centrifuges) ជាង ៩,០០០គ្រឿង ដែលមានសមត្ថភាពផលិតអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់បាន ១៦០គីឡូក្រាមក្នុងមួយឆ្នាំ បន្ថែមពីលើសមត្ថភាពផលិតចាស់ដែលមានប្រហែល ២១៥គីឡូក្រាមរួចទៅហើយ ដែលការណ៍នេះនឹងធ្វើឱ្យសមត្ថភាពនុយក្លេអ៊ែរសរុបរបស់កូរ៉េខាងជើងអាចកើនឡើងដល់ ៧៥ភាគរយឯណោះ៕