លោក គីម ជុងអ៊ុន បង្ហាញការគាំទ្រពេញទំហឹងចំពោះរុស្ស៉ី ក្នុងសារអបអរថ្ងៃបុណ្យជាតិ ផ្ញើទៅកាន់លោក ពូទីន (Video inside)
12-06-2026 09:33
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារអបអរសាទរទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃបុណ្យជាតិរបស់រុស្ស៉ីជាមួយការបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយក្នុងស្រុក និងការបរទេសរបស់ទីក្រុងមូស្គូ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថាលោក គីម ជុងអ៊ុនបាននិយាយថាទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៉ីត្រូវបានពង្រឹងទៅជាសម្ព័ន្ធមិត្តដោយឈរលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រ ហើយសន្យាថានឹងឈរនៅជាមួយរុស្ស៉ីជានិច្ច។
ទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៉ីត្រូវបានពង្រឹងកាន់តែមានភាពស៊ីជម្រៅ បន្ទាប់ពីកូរ៉េខាងជើងបានបញ្ជូនអាវុធ និងកងទ័ពទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ ក្រុមមន្ត្រីក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថាបានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ មីស៊ីល និងបរិក្ខារយោធាដទៃទៀតសម្រាប់រុស្ស៉ីប្រើប្រាស់ ក្នុងសង្រ្គាមអ៊ុយក្រែន ជាថ្នូរទៅនឹងការទទួលបានការគាំទ្រខាងបច្ចេកវិទ្យាទំនើបៗពីរុស្ស៉ីមកវិញ។
កូរ៉េខាងជើង និងរុស្ស៉ីបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក អំឡុងដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីខែមិថុនា ឆ្នាំ២០២៤ ហើយក៏បានព្រមព្រៀងគ្នាដែរថានឹងបើកដំណើរការស្ពានដ៏សំខាន់មួយតភ្ជាប់រវាងប្រទេសទាំង២។ ស្ពាននេះដែលគ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅថ្ងៃទី១៩ ខែមិថុនានេះ អាចនឹងកាន់តែជួយសម្រួលបន្ថែមដល់ការធ្វើពាណិជ្ជកម្ម និងផ្ដល់ឱ្យកូរ៉េខាងជើងនូវមធ្យោបាយបន្ថែមទៀតដើម្បីទប់ទល់នឹងទណ្ឌកម្មអន្តរជាតិជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់លោក គីម ជុងអ៊ុន៕




