តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតប្រធានាធិបតី លោក Yoon ដាក់ពន្ធនាគារ ៣០ឆ្នាំ ជុំវិញការបង្ហោះដ្រូនចូលកូរ៉េខាងជើង (Video inside)

12-06-2026 10:49

(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ សម្រាប់ការបញ្ជូនដ្រូនចូលទៅកាន់កូរ៉េខាងជើង ជាសកម្មភាពមួយដែលរដ្ឋអាជ្ញាចោទថារូបលោកចង់ប្រើវាជាលេសដើម្បីប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូងកាលពីខែមេសាកន្លងទៅ បាននិយាយថាការព្យាយាមរបស់លោក Yoon ក្នុងការបញ្ជូនដ្រូនចូលទៅកាន់កូរ៉េខាងជើង មានបំណងញុះឱ្យព្យុងយ៉ាងធ្វើសកម្មភាពតបត ហើយប្រើវាជាលេសដើម្បីប្រកាសប្រើច្បាប់អាជ្ញាសឹក ដែលទង្វើបែបនេះបានបំផ្លាញដល់សន្តិសុខជាតិ។ ការផ្តន្ទាទោសនេះកើតមានឡើងបន្ទាប់ពីលោក Yoon ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិតកាលពីខែកុម្ភៈកន្លងទៅ សម្រាប់ការប្រព្រឹត្តសកម្មភាពបះបោរក្រោមការប្រកាសប្រើច្បាប់អាជ្ញាសឹកដែលធ្វើឱ្យសភាជាតិគាំងដំណើរការនៅពេលនោះ។

ក្នុងសេចក្ដីប្រកាសមួយនៅថ្ងៃសុក្រនេះ តុលាការ Seoul Central District Court បានប្រកាសថាលោក Yoon ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ សម្រាប់ការចោទប្រកាន់ជាច្រើន តែមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមទេ។ ក្រុមរដ្ឋអាជ្ញាក៏បានអះអាងដែរថាការប៉ុនប៉ងរបស់លោក Yoon បានបង្កើនភាពតានតឹងជាមួយកូរ៉េខាងជើង និងបានធ្វើឱ្យបែកធ្លាយព័ត៌មានសម្ងាត់ ក្នុងនោះរួមមានទាំងសមត្ថភាពរបស់កងកម្លាំងជាតិ បន្ទាប់ពីដ្រូនបានធ្លាក់។

គួរបញ្ជាក់ថា លោក Yoon បានប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមកាត់ទោសរូបលោក ដោយទទូចថាការប្រកាសប្រើច្បាប់អាជ្ញាសឹកដើម្បីបុព្វហេតុជាតិតែប៉ុណ្ណោះ៕