រដ្ឋមន្រ្តីការពារជាតិអង់គ្លេស សុំលាលែងពីតំណែង ជាមួយការរិះគន់លោកនាយករដ្ឋមន្រ្តី Keir Starmer (Video inside)
12-06-2026 11:15
(ឡុងដ៏)៖ រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក John Healey បានស្នើសុំលាលែងពីតំណែង កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ហើយចោទប្រកាន់លោកនាយករដ្ឋមន្រ្តី Keir Starmer និងរដ្ឋមន្រ្តីហិរញ្ញវត្ថុ ថាបរាជ័យក្នុងការប្តេជ្ញាចិត្តផ្តល់ថវិកា សម្រាប់ចំណាយលើវិស័យការពារជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Healey បានព្រមានថា ផែនការវិនិយោគលើការការពារជាតិ ហៅកាត់ DIP សម្រាប់រយៈពេល ១ទសវត្សរ៍ទៅមុខ ដែលទន្ទឹងរង់ចាំជាយូរមកហើយ ដែលលោកនាយករដ្ឋមន្រ្តី Starmer មិនទាន់ប្រកាសនៅឡើយ ធ្វើឱ្យអង់គ្លេសមិនសូវមានសុវត្ថិភាពដូចមុន។
ក្នុងលិខិតសុំលាលែងពីតំណែងដែលបង្ហោះតាមបណ្តាញសង្គម X លោក Healey ថាលោក Starmer គ្មានសមត្ថភាពដោះស្រាយ ហើយថាក្រសួងហិរញ្ញវត្ថុ មិនមានឆន្ទៈក្នុងការប្រើប្រាស់ធនធាន ដែលប្រទេសជាតិត្រូវការដើម្បីការពារប្រទេស នៅពេលដែលមានការកើនឡើងនូវការគំរាមកំហែង។
ប៉ុន្មានម៉ោងក្រោយមក លោក Starmer បានសរសេរតបទៅលោក Healey វិញ ថាផែនការចំណាយរបស់លោក នឹងអនុញ្ញាតឱ្យកងកម្លាំងប្រដាប់អាវុធធ្វើទំនើបកម្ម ហើយថាលោកនឹងប្រកាសផែនការនោះ មុនកិច្ចប្រជុំកំពូលនៃអង្គការ NATO នាខែកក្កដា៕




