ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្រ្តីការពារជាតិហ្វីលីពីន (Video inside)
12-06-2026 13:26
(ប៉េកាំង)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសចិន បានប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងគ្រួសាររបស់លោក ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន ដែលបានប៉ះពាល់ផលប្រយោជន៍ស្របច្បាប់របស់ចិន និងចំណងទាក់ទងទ្វេភាគី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការដាក់ទណ្ឌកម្មខាងលើមានន័យថា លោក Teodoro រួមទាំងភរិយានិងកូន គឺត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចូលប្រទេសចិន ហើយក្រុមហ៊ុន-ស្ថាប័ន និងបុគ្គលនានានៅចិន ត្រូវបានហាមឃាត់មិនឱ្យធ្វើប្រាស្រ័យទាក់ទងហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការ ឬសកម្មភាពដទៃទៀត ជាមួយលោក Teodoro និងគ្រួសារលោកឡើយ។ ក្រសួងការបរទេសចិន បាននិយាយថា ការចេញចំណាត់ការនេះ មានគោលដៅការពារអធិបតេយ្យជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន។
កាលពីសប្តាហ៍មុន ទីក្រុងប៉េកាំងបានចោទលោករដ្ឋមន្រ្តីការពារជាតិហ្វីលីពីនថា គ្មានការដឹងគុណចំពោះចិនសម្រាប់ការផ្គត់ផ្គង់ទំនិញសំខាន់ៗ ហើយប្រើប្រាស់បញ្ហាពាក់ព័ន្ធសុខុមាលភាពប្រជាជន ដើម្បីបម្រើដល់ប្រជាប្រិយភាពនយោបាយរបស់ខ្លួន បន្ទាប់ពីលោក Teodoro បានអះអាងថា ប្រទេសហ្វីលីពីន កំពុងស្ថិតក្រោមការគំរាមកំហែងផ្នែកទឹកដីនិងនយោបាយពីចិន ហើយទីក្រុងម៉ានីលគ្មានជម្រើសអ្វីក្រៅពីខិតខំពង្រឹងខ្លួនឯង និងក្រោកឈរឡើងប្រឆាំងការបំពានរបស់ចិន។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ ចិននិងហ្វីលីពីន បានជួបឧប្បត្តិហេតុប្រឈមមុខគ្នាជាច្រើនលើក នៅតំបន់សមុទ្រចិនខាងត្បូងដែលមានបញ្ហាវិវាទ ហើយក្នុងសប្តាហ៍នេះ ទីក្រុងម៉ានីលបានធ្វើសកម្មភាពការទូតប្រឆាំងទីក្រុងប៉េកាំង សម្រាប់អ្វីដែលខ្លួនហៅថា វត្តមានខុសច្បាប់នៃសំណង់អណ្តែតទឹក នៅតំបន់ថ្មប៉ប្រះទឹកមួយកន្លែងដែលមានជម្លោះ៕




