មេប៉ូលិសអ៊ុយក្រែន អះអាងថា ក្រុមភ្នាក់ងារចារកម្មរុស្ស៉ីកំពុងអូសទាញនារីក្មេងៗ ឱ្យសម្លាប់ទាហានអ៊ុយក្រែន (Video inside)
12-06-2026 14:03
(កៀវ)៖ ក្នុងសប្តាហ៍នេះ មេប៉ូលិសអ៊ុយក្រែនបានចោទប្រកាន់រុស្ស៉ី អំពីការអូសទាញនារីវ័យក្មេងអ៊ុយក្រែន ដើម្បីសម្លាប់បុគ្គលិកយោធារបស់អ៊ុយក្រែន ក្រោយក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនក្រោមការសង្ស័យជាប់ពាក់ព័ន្ធ ក្នុងករណីឃាតកម្មលើទាហានម្នាក់ ក្រោមការបង្គាប់បញ្ជាពីភ្នាក់ងាររបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ អគ្គស្នងការប៉ូលិសជាតិអ៊ុយក្រែន លោក Ivan Vyhivskyi បាននិយាយថា នៅក្នុងឆ្នាំនេះ មានករណីចំនួន៦ហើយ នៃការស៉ីឈ្នួលធ្វើឃាត ដែលត្រូវបានរៀបចំតាមរយៈប្រព័ន្ធផ្ញើសារ Telegram ក្នុងនោះ១ករណីត្រូវបានទប់ស្កាត់ ខណៈពួកវាគឺជាករណីឃាតកម្មគ្រោងទុកជាមុន ដែលរៀបចំដោយទីភ្នាក់ងារចារកម្មរបស់រុស្ស៉ី ហើយអនុវត្តដោយពលរដ្ឋអ៊ុយក្រែនផ្ទាល់។
លោក Vyhivskyi បានអះអាងថា ក្រុមភ្នាក់ងាររុស្ស៉ីបានអូសទាញនារីក្មេងៗ តាមរយៈកម្មវិធីផ្ញើសារអនឡាញ ដោយសន្យាផ្តល់ប្រាក់ងាយៗ ហើយរៀបចំចាត់ចែងពីចម្ងាយ ដើម្បីឱ្យពួកគេធ្វើសកម្មភាព។ នារីវ័យក្មេងជាពលរដ្ឋអ៊ុយក្រែន ត្រូវបានបង្គាប់ឱ្យស្វែងរកបុគ្គលិកយោធា នៅតាមវែបសាយណាត់ជួប ហើយទទួលបានប្រាក់ពីភ្នាក់ងាររុស្ស៉ី ដើម្បីជួលបន្ទប់ស្នាក់នៅសម្រាប់ជួបពួកគេ។ នារីទាំងនោះត្រូវបានប្រាប់ពីកន្លែងដែលពួកគេអាចទទួលបានថ្នាំ methadone ដែលជាធម្មតាប្រើប្រាស់ដើម្បីបំបាត់ការឈឺចាប់ ប៉ុន្តែអាចបណ្តាលឱ្យបាត់បង់ជីវិតបាន បើប្រើលើសកម្រិតខ្លាំង ហើយទុកយកថ្នាំនោះលួចដាក់ចូលក្នុងភេសជ្ជៈ។
បើតាមទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន ពលរដ្ឋអ៊ុយក្រែនសរុបច្រើនជាង១១០០នាក់ ត្រូវបានចោទប្រកាន់ពីបទដុតបំផ្លាញ ភេរវកម្ម ឬបង្កការខូចខាតដោយចេតនា ក្នុងទង្វើក្បត់ប្រទេសជាតិរបស់ខ្លួន អំឡុងសង្រ្គាមជាមួយរុស្ស៉ីជាង៤ឆ្នាំមកនេះ។ កាលពីសប្តាហ៍មុន ប៉ូលិសអ៊ុយក្រែន បានចាប់ខ្លួននារីអាយុ១៧ឆ្នាំម្នាក់ នៅតំបន់ Zhytomyr ភាគខាងលិចប្រទេស ក្រោយករណីបំពុលទាហានម្នាក់ ខណៈនារីនោះត្រូវអះអាងថា បានធ្វើការទាក់ទងតាម Telegram ជាមួយបុរសម្នាក់ដែលទំនងជាភ្នាក់ងារចារកម្មរបស់រុស្ស៉ី។
គួរបញ្ជាក់ថា ទីភ្នាក់ងារសន្តិសុខរុស្ស៉ី ក៏ធ្លាប់ចោទទីក្រុងកៀវផងដែរ អំពីការអូសទាញពលរដ្ឋរុស្ស៉ី ដើម្បីធ្វើសកម្មភាពបំផ្ទុះគ្រាប់បែក នៅក្នុងប្រទេសរុស្ស៉ី ហើយស្ថាប័នចារកម្មយោធាអ៊ុយក្រែន បានចេញមុខអះអាងផ្ទាល់ ជាអ្នកនៅពីក្រោយការធ្វើឃាតមន្រ្តីយោធាជាន់ខ្ពស់រុស្ស៉ីជាច្រើនរូប គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីឆ្នាំ២០២២៕






