វៀតណាម បង្រ្កាបជនសង្ស័យមួយក្រុម ដែលរៀបគម្រោងបង្កើតទីតាំងឆបោកអនឡាញទ្រង់ទ្រាយធំ (Video inside)

12-06-2026 15:10

(ហាណូយ)៖ អាជ្ញាធរវៀតណាម បានឱ្យដឹងនៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ថាប៉ូលិសបានបង្រ្កាបក្រុមមួយ ដែលសង្ស័យព្យាយាមបង្កើតបណ្តាញឆបោកតាមអនឡាញដ៏ធំ ក្នុងប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងសន្តិសុខសាធារណៈវៀតណាម បានចេញសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសខេត្ត Phu Tho បានរកឃើញក្រុមឆ្លងដែនមួយ និងទប់ស្កាត់ក្រុមនេះបាន ពីការបង្កើតមជ្ឈមណ្ឌលឆបោកអនឡាញ។ មនុស្សចំនួន ៤នាក់ ត្រូវបានចាប់ខ្លួន រួមមានជនជាតិចិនម្នាក់ និងជនជាតិវៀតណាម ៣នាក់។

ក្រុមអ្នកស៉ើបអង្កេតវៀតណាម និយាយថា ក្រុមនេះបានជួលរីសត កសិដ្ឋានស្នាក់នៅ និងវីឡាជាច្រើនកន្លែង នៅទីក្រុងហាណូយ ទីក្រុង Lao Cai និងខេត្ត Phu Tho ដើម្បីផ្តល់ជម្រកដល់មនុស្សជាច្រើននាក់ ដែលជាផ្នែកមួយនៃការរៀបចំផែនការរបស់ពួកគេ។ ប៉ូលិសក៏រឹបអូសបានកុំព្យូរទ័រ ទូរស័ព្ទដៃរាប់រយគ្រឿង និងដុំអ៉ីនធឺណេតសម្រាប់បម្រើដល់សកម្មភាពឆបោកនោះផងដែរ៕