ឥណ្ឌា និងបង់ក្លាដែស យល់ព្រមសម្របសម្រួលការល្បាតតាមព្រំដែន និងចែករំលែកព័ត៌មានស៉ើបការណ៍សម្ងាត់ ចំពោះមុខភាពតានតឹងផ្នែកអន្តោប្រវេសន៍ (Video inside)
12-06-2026 16:04
(ដាក្កា)៖ ឥណ្ឌា និងបង់ក្លាដែស បានឯកភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការតាមព្រំដែនកាន់តែស៉ីជម្រៅ តាមរយៈការចែករំលែកព័ត៌មានស៉ើបការណ៍សម្ងាត់ និងល្បាតរួមគ្នា ចំពេលមានភាពស្មុគស្មាញក្នុងទំនាក់ទំនង ដោយសារតែបញ្ហាជនចំណាកស្រុកគ្មានឯកសារត្រឹមត្រូវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦។
យោងសេចក្តីថ្លែងការណ៍ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរយៈពេល ៤ថ្ងៃថ្នាក់មន្ត្រីព្រំដែនកំពូលៗ នៅទីក្រុងញូវដែលី កងកម្លាំងការពារព្រំដែនបង់ក្លាដែស (BGB) និងកងកម្លាំងសន្តិសុខព្រំដែនឥណ្ឌា (BSF) បានពិពណ៌នាកិច្ចប្រជុំនោះថាមានភាពស្និទ្ធស្នាល និង វិជ្ជមាន ប្រកបដោយក្តីរំពឹងទុក។
កិច្ចប្រជុំជាប់ជាប្រចាំនេះ ក៏គ្របដណ្តប់លើ បញ្ហាឆ្លងដែនខុសច្បាប់ ដោយអចេតនា និងដោយបង្ខំនៅតំបន់ព្រំដែន ដែលជាបញ្ហាចម្រូងចម្រាសកាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានខែថ្មីនេះផងដែរ។
ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរក្សាសន្តិភាព ភាពស្ងប់ស្ងាត់ និងស្ថិរភាពតាមបណ្តោយព្រំដែនឥណ្ឌា និងបង់ក្លាដែស ដោយបន្ថែមថា ពួកគេនឹងពង្រឹងការងារល្បាត បង្កើនការប្រុងប្រយ័ត្ន កែលម្អលើការចែករំលែកព័ត៌មានជាក់ស្តែង និងបង្កើនសកម្មភាពរួមគ្នាប្រឆាំងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន៕







