ចិនចាប់ខ្លួនពលរដ្ឋអាមេរិកជាប្រធានស្ថាប័នស្រាវជ្រាវមីយ៉ាន់ម៉ា ពីបទសង្ស័យធ្វើចារកម្ម

12-06-2026 19:48

(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃសុក្រនេះ បានប្រកាសពីការចាប់ខ្លួនលោក មីន ហ្ស៊ីន (Min Zin) ដែលជាពលរដ្ឋអាមេរិក និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយផ្តោតលើមីយ៉ាន់ម៉ា (ISP-Myanmar) ក្រោមការចោទប្រកាន់ពីបទធ្វើចារកម្ម និងបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន (Lin Jian) បានបញ្ជាក់ថា ការឃុំខ្លួននេះធ្វើឡើងស្របតាមច្បាប់ ហើយចិនក៏បានជូនដំណឹងទៅស្ថានកុងស៊ុលអាមេរិករួចរាល់ហើយដែរ។ ប្រភពបានបង្ហើបថា លោក មីន ហ្ស៊ីន ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានក្នុងទីក្រុងគុនមីង (Kunming) កាលពីប្រហែលពីរសប្តាហ៍មុន។ ហេតុការណ៍នេះកើតឡើងចំពេលដែលអាមេរិក និងចិន កំពុងព្យាយាមស្តារទំនាក់ទំនងឡើងវិញ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំនៅប៉េកាំងកាលពីខែមុន។

លោក មីន ហ្ស៊ីន គឺជាអតីតសកម្មជននិស្សិតក្នុងចលនាប្រជាធិបតេយ្យមីយ៉ាន់ម៉ា និងបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក។ ស្ថាប័ន ISP របស់លោក តែងតែតាមដានយ៉ាងដិតដល់ពីវិបត្តិនយោបាយ និងសេដ្ឋកិច្ចនៅមីយ៉ាន់ម៉ា ជាពិសេសក្រោយរដ្ឋប្រហារឆ្នាំ២០២១ ដែលទម្លាក់រដ្ឋាភិបាលលោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi)។ កន្លងមក ស្ថាប័ននេះតែងតែចេញរបាយការណ៍វិភាគពីការឡើងកាន់អំណាចរបស់លោក មីន អោងឡាំង (Min Aung Hlaing) ក្នុងពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំងតែងតែបង្ហាញការគាំទ្រជាចំហដល់របបថ្មីរបស់មីយ៉ាន់ម៉ានេះ៕