កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ អាចនឹងចុះហត្ថលេខានៅថ្ងៃអាទិត្យ ក្នុងទីក្រុងហ្សឺណែវ
12-06-2026 20:03
(វ៉ាស៊ីនតោន)៖ អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ នៅក្នុងទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស។ នេះបើតាមប្រភពពីមន្ត្រីលោកខាងលិច ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ។
ប្រភពបានឱ្យដឹងថា ខ្លឹមសារនៃអនុស្សរណៈនេះកំពុងត្រូវបានកែសម្រួលជាចុងក្រោយ ដោយភាគីអ៊ីរ៉ង់នៅតែទាមទារដាច់ខាតឱ្យបញ្ឈប់សង្គ្រាមរបស់អ៊ីស្រាអែលនៅលីបង់ផងដែរ។ ការព្រាងអត្ថបទគ្រោងនឹងបញ្ចប់នៅថ្ងៃសៅរ៍ ដើម្បីត្រៀមឱ្យអនុប្រធានាធិបតីអាមេរិក លោក ជេឌី វែន (JD Vance) និងប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាម៉ាត់ បាខឺ កាលីបាហ្វ (Mohammed Baqer Qalibaf) ធ្វើការចុះហត្ថលេខា។ កាលពីថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ ក៏បានប្រកាសលុបចោលការវាយប្រហារថ្មីៗលើអ៊ីរ៉ង់ ដោយអះអាងថាកិច្ចព្រមព្រៀងសន្តិភាពនេះត្រូវបានរៀបចំរួចរាល់ហើយ។
ទោះជាយ៉ាងណា យោងតាមប្រភពពីអ៊ីរ៉ង់ លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះហាក់ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ទីក្រុងតេហេរ៉ង់ រួមមាន ការដកទណ្ឌកម្មប្រេង ការដោះលែងទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារដែលជាប់បង្កក និងការបញ្ឈប់សង្គ្រាមនៅគ្រប់សមរភូមិ។ ចំណែកអាមេរិកទទួលបានត្រឹមតែការបើកច្រកសមុទ្រហ័រមូសឡើងវិញប៉ុណ្ណោះ រីឯបញ្ហានុយក្លេអ៊ែរត្រូវបានលើកពេលទៅជជែកនៅពេលក្រោយ។
មិនត្រឹមតែប៉ុណ្ណោះ ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ បានរាយការណ៍បន្ថែមថា អាមេរិកក៏បានយល់ព្រមដកកងទ័ពចេញពីតំបន់ជុំវិញប្រទេសអ៊ីរ៉ង់ និងតម្រូវឱ្យអាមេរិករួមទាំងសម្ព័ន្ធមិត្ត រៀបចំកញ្ចប់ថវិកាយ៉ាងហោចណាស់ ៣០០ពាន់លានដុល្លារ ដើម្បីជួយស្តារសេដ្ឋកិច្ចអ៊ីរ៉ង់ឡើងវិញផងដែរ។ ជុំវិញព័ត៌មាននេះ ខាងភាគីសហរដ្ឋអាមេរិកមិនទាន់មានការឆ្លើយតប ឬបកស្រាយជាផ្លូវការនៅឡើយទេ៕






