អ៊ីតាលី និងកូរ៉េខាងត្បូង ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងអភិវឌ្ឍន៍ (Video inside)

12-06-2026 22:51

(រ៉ូម)៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី ចចចៀ មេឡូនី (Giorgia Meloni) និងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) នៅថ្ងៃសុក្រ បានប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាច្រើន ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងការអភិវឌ្ឍ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងជំនួបនៅទីក្រុងរ៉ូម មេដឹកនាំទាំងពីរបានពិភាក្សាពីការពង្រីកកិច្ចសហការលើវិស័យបន្ទះឈីប បញ្ញាសិប្បនិម្មិត (AI) អវកាស យានយន្ត ថាមពល និងសហគ្រាសធុនតូចនិងមធ្យម។ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើផែនការយុទ្ធសាស្ត្រ ដែលមានគោលដៅជំរុញការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ UN ឱ្យមានប្រសិទ្ធភាពជាងមុន។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាពីបញ្ហាសន្តិសុខសកល ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរក្សាស្ថិរភាពនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការគាំទ្រដល់កិច្ចប្រឹងប្រែងបើកច្រកសមុទ្រហ័រមូសឡើងវិញផងដែរ។ ក្រោយជំនួបនេះ មេដឹកនាំទាំងពីរក៏គ្រោងនឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនយក្សនានា ដូចជា Samsung និង Ferrari បន្ថែមទៀត៕