លោក ដូណាល់ ត្រាំ បដិសេធព័ត៌មានបែកធ្លាយរបស់អ៊ីរ៉ង់ ជុំវិញលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព (Video inside)
12-06-2026 22:52
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ បានច្រានចោលការអះអាងរបស់អ៊ីរ៉ង់ដែលថា សហរដ្ឋអាមេរិកបានធ្វើសម្បទានធំដុំដល់ទីក្រុងតេហេរ៉ង់ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព។ មន្ត្រីជាន់ខ្ពស់អាមេរិកបញ្ជាក់ថា កិច្ចព្រមព្រៀងនេះតម្រូវឱ្យអ៊ីរ៉ង់អនុវត្តលក្ខខណ្ឌជាមុន ទើបអាចទទួលបានទ្រព្យសម្បត្តិដែលជាប់បង្កកមកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរយៈបណ្តាញសង្គម Truth Social លោក ត្រាំ បានរិះគន់ថា អ្វីដែលអ៊ីរ៉ង់បានលើកឡើងជុំវិញកិច្ចព្រមព្រៀងនេះ គឺផ្ទុយពីអ្វីដែលបានព្រមព្រៀងគ្នាជាលាយលក្ខណ៍អក្សរទាំងស្រុង ហើយលោកចាត់ទុកភាគីអ៊ីរ៉ង់ថាជា «មនុស្សដែលគ្មានកិត្តិយស និងខ្វះភាពស្មោះត្រង់»។
កន្លងមក ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានអះអាងថា អាមេរិកនឹងបញ្ចេញទ្រព្យសម្បត្តិដែលជាប់បង្កកភ្លាមៗក្រោយចុះហត្ថលេខា ដកទណ្ឌកម្មប្រេង បញ្ឈប់ការវាយប្រហាររួមទាំងនៅលីបង់ ហើយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងមិនត្រូវបានប៉ះពាល់ឡើយ។ ផ្ទុយទៅវិញ មន្ត្រីជាន់ខ្ពស់អាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា ក្រោមកិច្ចព្រមព្រៀងនេះ សារធាតុនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងត្រូវ «កម្ទេច និងយកចេញ» ទាំងស្រុង។
មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា៖ «គ្មានប្រាក់ណាមួយនឹងត្រូវបញ្ចេញឡើយ រហូតទាល់តែពួកគេអនុវត្ត។ ច្រកសមុទ្រហ័រមូសត្រូវតែបើកឡើងវិញ ហើយអ៊ីរ៉ង់ត្រូវបញ្ឈប់ការផ្តល់មូលនិធិដល់ក្រុមភេរវករ»។
គួរបញ្ជាក់ថា ការបកស្រាយខុសគ្នាស្រឡះនេះ កើតឡើងស្របពេលដែលលោក ត្រាំ ទើបតែប្រកាសលុបចោលផែនការវាយប្រហារថ្មីៗលើអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ដោយអះអាងថាកិច្ចព្រមព្រៀងនេះត្រូវបានសម្រេចរួចរាល់ហើយ៕




