លោក ត្រាំ ប្រកាសថាយោធាអាមេរិកសម្លាប់មេឧក្រិដ្ឋជន Tren de Aragua របស់វ៉េណេស៊ុយអេឡា (Video inside)
13-06-2026 09:34
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារមួយដែលបានសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ឈ្មោះ Hector Rusthenford Guerrero Flores ឬគេស្គាល់ថា Niño Guerrero ដោយមានការជួយពីរដ្ឋាភិបាលវ៉េណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកាសខាងលើរបស់លោក ត្រាំ ធ្វើឡើងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីល្ងាចថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦។ លោក ត្រាំ បានឱ្យដឹងទៀតថាដោយមានបញ្ជាពីរូបលោក ទីបញ្ជាការភូមិខាងត្បូងរបស់សហរដ្ឋអាមេរិកបានបើកការវាយប្រហារដោយសម្លាប់មេក្រុមឧក្រិដ្ឋជន Tren De Aragua ឈ្មោះ Nino Guerrero បានដោយជោគជ័យ។
តាមលោក ត្រាំ ការវាយប្រហាររបស់យោធាអាមេរិកធ្វើឡើងក្រោមការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលវ៉េណេស៊ុយអេឡា។ លោក ត្រាំមិនបានបង្ហើបឱ្យដឹងថាតើ ការវាយប្រហារបានធ្វើឡើងតាំងពីពេលណា ឬធ្វើនៅកន្លែងណានោះទេ ហើយខាងក្រសួងព័ត៌មានវ៉េណេស៊ុយអេឡាក៏មិនបានឆ្លើយតបទៅនឹងការស្នើសុំការធ្វើអត្ថាធិប្បាយ។
គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ បានកំណត់គោលដៅម្ដងហើយម្ដងទៀតលើមេឧក្រិដ្ឋជន Guerrero និងមេដឹកនាំជាច្រើននាក់របស់ក្រុម Tren de Aragua ជាមួយ ការដាក់ទណ្ឌកម្មជុំវិញការចោទប្រកាន់ថាពួកគេបានចូលរួមក្នុងសកម្មភាពឧក្រិដ្ឋដូចជាការរត់ពន្ធគ្រឿងញៀន ការជួញដូរមនុស្ស និងលាងលុយជាដើម។ ក្រសួងការបរទេសអាមេរិកវិញក៏បានប្រកាសចាត់ទុកក្រុម Tren de Aragua ជាអង្គការភេរវករបរទេសផងដែរ៕






