មេដឹកនាំគណបក្សប្រឆាំងតៃវ៉ាន់ ព្យាយាមបន្ថយការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ជុំវិញគោលជំហរពាក់ព័ន្ធនឹងចិន (Video inside)
13-06-2026 15:43
(វ៉ាស៊ីនតោន)៖ មេដឹកនាំគណបក្សប្រឆាំងរបស់តៃវ៉ាន់ លោកស្រី Cheng Li-wun បាននិយាយកាលពីថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ថាលោកស្រីបានប្រើប្រាស់ដំណើរទស្សនកិច្ចមួយទៅកាន់សហរដ្ឋអាមេរិក ដើម្បីកែតម្រូវការយល់ច្រឡំជាច្រើនអំពីជំហរទន់ភ្លន់របស់លោកស្រីចំពោះចិន នៅចំពោះមុខការរិះគន់យ៉ាងខ្លាំងនៅក្នុងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោកស្រី Cheng Li-wun ប្រធានគណបក្ស Kuomintang (KMT) ដែលជាគណបក្សប្រឆាំងធំជាងគេបំផុតនៅតៃវ៉ាន់ កំពុងស្ថិតក្នុងការបំពេញទស្សនកិច្ចរយៈពេល ២សប្ដាហ៍ទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ទីក្រុងប៉េកាំងកាលពីខែមេសា ជាទីដែលលោកស្រីបានជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ លោកស្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រីបានជួបតំណាងរាស្ត្រនៃសភាអាមេរិក ៩រូបមកពីគណៈកម្មាធិការហិរញ្ញវត្ថុ ការពារជាតិ និងកិច្ចការបរទេស ព្រមទាំងបញ្ញវន្ត និងក្រុមអ្នកតំណាងមកពីវិទ្យាស្ថានស្រាវជ្រាវ។
លោកស្រី Cheng បានអះអាងថាមានការយល់ច្រឡំជាច្រើនចំពោះវិធិសាស្ត្របស់គណបក្ស Kuomintang។ ប៉ុន្តែលោកស្រីជឿជាក់ថាជំនួបរបស់លោកស្រីបានអនុញ្ញាតឱ្យលោកស្រីបកស្រាយការយល់ច្រឡំទាំងនោះ។ ពោលគឺការស្វែងរកកិច្ចសន្ទនាដោយសន្តិវិធីនៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់ មិនមែនមានន័យថាត្រូវបោះបង់ចោលសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់នោះទេ ហើយក៏មិនមែនបោះបង់ចោលប្រជាធិបតេយ្យ និងសេរីភាពរបស់តៃវ៉ាន់នោះដែរ។
គួរបញ្ជាក់ថា គណបក្សរបស់លោកស្រី Cheng Li-wun រួមជាមួយគណបក្សជាសម្ព័ន្ធមិត្តដូចជាគណបក្ស Taiwan People's Party ដែលក្ដាប់សំឡេងភាគច្រើនក្នុងសភាតៃវ៉ាន់កំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំងនៅក្នុងទីក្រុងវ៉ាស៊ីនតោន ជុំវិញការបង្កការរាំងស្ទះដល់ការអនុម័តកញ្ចប់ថវិកាយោធាបន្ថែម ៤០ពាន់លានដុល្លារស្នើឡើងដោយរដ្ឋាភិបាលរបស់លោក Lai Ching-te៕






