បទវិភាគ៖ «យោធានិយមបែបថ្មី» បានក្លាយជាការគំរាមកំហែងជាក់ស្តែងក្នុងតំបន់ រហូតដល់ពិភពលោករួចហើយ
13-06-2026 17:05
(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ បក្សសេរីប្រជាធិបតេយ្យជប៉ុនបានបើកធ្វើកិច្ចប្រជុំអំពីកិច្ចការទូទៅ ដោយអនុម័តលើសេចកី្តព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្ម «ឯកសារការពារសន្តិសុខចំនួនបី»ដែលគ្រោងនឹងដាក់ជូនរដ្ឋាភិបាល។ ទង្វើនេះបានបង្ហាញឱ្យឃើញថាយុទ្ធសាស្រ្តការពារសន្តិសុខរបស់ជប៉ុនត្រូវបានពង្រឹងដោយជ្រុលហូសហេតុ បន្ទាប់ពីឯកសារការពារសន្តិសុខរបស់ជប៉ុនឆ្នាំ២០២២សម្រេចបាននូវ «ការផ្លាស់ប្តូរពីការការពារទៅជាការវាយប្រហារ»។ សេចកី្តព្រាងច្បាប់នេះបានក្លែងពុតការវាតទីខាងយោធា ដោយយក «ការពារទឹកដីប្រទេសជាតិ» ធ្វើជាលេស ក្នុងន័យបន្ធូរការរឹតត្បិតដោយគ្រប់ជ្រុងជ្រោយលើវិស័យសព្វាវុធ ថវិកានិងការបង្កើតរចនាសម្ព័ន្ធជាដើម ។
ប្រការនេះបានបង្ហាញថាគោលការណ៍ «ស្វ័យការពារ» របស់ជប៉ុនដែលបានកំណត់បន្ទាប់ពីសង្គ្រាមលោកលើកទីពីរនៅសល់តែឈ្មោះប៉ុណ្ណោះ «យោធានិយមបែបថ្មី» បានក្លាយជាគំរាមកំហែងជាក់ស្តែងក្នុងតំបន់រហូតដល់ពិភពលោករួចហើយ។ «ឯកសារការពារសន្តិសុខចំនួនបី» នាពេលបច្ចុប្បន្នរបស់ជប៉ុន («យុទ្ធសាស្រ្តធានាសន្តិសុខជាតិ» ឬ «យុទ្ធសាស្ត្រការពារជាតិ») ត្រូវបានអនុម័តនៅចុងឆ្នាំ២០២២ដែលជាសញ្ញាកត់សម្គាល់ថាយុទ្ធសាស្ត្រការពារសន្តិសុខជប៉ុនបានប្រែក្លាយពី «ស្វ័យការពារ» ទៅជាមាន «សមត្ថភាពវាយតបតវិញ»។
បើប្រៀបធៀបនឹងការនេះ វិធានការទាំងអស់ក្នុងសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មជាថ្មីឡើងវិញដែលកិច្ចប្រជុំអំពីកិច្ចការទូទៅរបស់បក្សសេរីប្រជាធិបតេយ្យជប៉ុនបានអនុម័ត សុទ្ធតែមានគោលបំណងត្រៀមប្រយុទ្ធក្នុងរយៈពេលយូរ និងធ្វើអន្តរគមន៍ដោយស្វ័យម្ចាស់ការ ព្រមទាំងប៉ុនប៉ងដាក់បញ្ចូលយ៉ាងស៊ីជម្រៅនូវការវាតទីខាងយោធានិងការត្រៀមប្រយុទ្ធក្នុងប្រព័ន្ធរបបប្រទេសជាតិ ឧស្សាហកម្មសេដ្ឋកិច្ចនិងមជ្ឈដ្ឋានមតិសង្គម ដើម្បីជំរុញឱ្យគោលនយោបាយការពារសន្តិសុខរបស់ជប៉ុនឈានទៅកាន់ទិសដៅប្រកបដោយលក្ខណៈវាយប្រហារនិងលក្ខណៈវាតទីខាងយោធា។
បើសង្កេតមើលសេចក្តីព្រាងច្បាប់នេះអាចឃើញយ៉ាងច្បាស់ថាយុទ្ធសាស្ត្រការពារសន្តិសុខរបស់ជប៉ុនបាននិងកំពុងកើតមានបម្រែបម្រួលពីឬសគល់ ពោលគឺ ទស្សនៈអំពីការការពារសន្តិសុខបានផ្លាស់ប្តូរពីការការពារអកម្មទៅជាការវាយប្រហារដោយម្ចាស់ការ សមត្ថភាពយោធាបានផ្លាស់ប្តូរពីការពារទឹកដីនិងលំហសមុទ្រនៅក្បែរ ទៅជាធ្វើការប្រយុទ្ធនៅទីចម្ងាយឆ្ងាយ ទម្រង់យុទ្ធសាស្ត្របានផ្លាស់ប្តូរពីការពារសន្តិសុខនៅតំបន់ជិតខាងទៅជាការធ្វើអន្តរគមន៍នៅទូទាំងពិភពលោក រូបមន្តគោលនយោបាយបានផ្លាស់ប្តូរពីការបន្ថែមកងទ័ពនិងថវិកាយោធាជាបណ្តោះអាសន្ន ទៅជាធ្វើការវាតទីខាងយោធាជាប្រព័ន្ធក្នុងរយៈពេលយូរ។
ការផ្លាស់ប្តូរពីឬសគល់ទាំងនេះបានបង្ហាញយ៉ាងពេញលេញថា ជប៉ុនបាននិងកំពុងក្បត់យ៉ាងជ្រះស្រឡះនឹងប្រព័ន្ធសន្តិភាពដែលបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។ ចាប់ពីការបដិសោធ ចំពោះប្រវត្តិសាស្ត្រឈ្លានពានក្នុងសង្គ្រាមលោកលើកទីពីរនិងការជំនុំជម្រះនៅក្រុងតូក្យូ ដល់ការបន្ថែមថវិកាយោធាយ៉ាងច្រើននិងបន្ធូរការរឹតត្បិតចំពោះការនាំចេញអាវុធប្រល័យលោក ចាប់ពីការជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាព ដល់ការជំរុញការធ្វើវិសោធនកម្ម «ឯកសារការពារសន្តិសុខចំនួនបី» និងមានចេតនាធ្វើវិសោធនកម្ម «គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ» អាចឃើញថាជប៉ុនបាននិងកំពុងពន្លឿនការធ្វើឱ្យយោធានិយមងើបឡើងវិញ។ ជាពិសេស ទង្វើដែលឃោសនាបំប៉ោងពីគំរាមកំហែងពីខាងក្រៅ ឃោសនាបំប៉ោងពីវិបតិ្តនៃការរស់រានមានជីវិត និងជំរុញការពង្រីកសព្វាវុធនិងត្រៀមប្រយុទ្ធទាំងនេះ ស្រដៀងគ្នានឹងទង្វើឈ្លានពានបរទេសរបស់យោធានិយមរបស់ជប៉ុនពេលមុននឹងកើតមានសង្គ្រាមលោកលើកទីពីរ ដូច្នេះ សហគមន៍អន្តរជាតិគួរតែរក្សាការប្រុងប្រយ័ត្នខ្ពស់។
ជប៉ុននិយាយបានតែមាត់ថា «សន្តិភាព» និង «ការពារ» ប៉ុន្តែតាមពិតទៅ បានពន្លឿនការធ្វើ «យោធូបនីយកម្មឡើងវិញ»។ ការដែលកិច្ចប្រជុំអំពីកិច្ចការទូទៅរបស់បក្សសេរីប្រជាធិបតេយ្យជប៉ុនអនុម័តលើសេចកី្តព្រាងច្បាប់ថ្មីជាសញ្ញាដ៏គ្រោះថ្នាក់មួយទៀតនៅតាមផ្លូវឆ្ពោះទៅកាន់ «យោធូបនីយកម្មឡើងវិញ»។ ហេតុនេះហើយ សហគមន៍អន្តរជាតិចាំបាច់ត្រូវពួតដៃគ្នា និងចាត់ប្រើវិធានការជាក់ស្តែង មិនអនុញ្ញាតឱ្យយោធានិយមរបស់ជប៉ុនងើបឡើងវិញជាដាច់ខាត៕
វិទ្យុមិត្តភាពកម្ពុជាចិន





