អេមីរ៉ាត់អារ៉ាប់រួម ច្រានចោលរបាយការណ៍អំពីការបញ្ចេញសាច់ប្រាក់សម្រាប់អ៉ីរ៉ង់
13-06-2026 18:55
(ឌូបៃ)៖ ប្រភពចំនួន ៤ បានបង្ហេីបឱ្យដឹងថា អេមីរ៉ាត់អារ៉ាប់រួម (UAE) យល់ព្រមបញ្ចេញសាច់ប្រាក់ដែលជាប់គាំងរាប់ពាន់លានដុល្លារសម្រាប់អ៉ីរ៉ង់ ដែលជាភាពប្រែប្រួលខាងយុទ្ធសាស្ត្រមួយបន្ទាប់ពីការវាយប្រហាររបស់អ៉ីរ៉ង់ជាច្រើនសប្តាហ៍លើប្រទេសឈូងសមុទ្រអារ៉ាប់ អំឡុងពេលនៃសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ប៉ុន្តែ UAE បានបដិសេធ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦។
ប្រភពបានឱ្យដឹងថា UAE ស្វែងរកការកាត់បន្ថយភាពតានតឹងស្របពេលការចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ឈានដល់ដំណាក់កាលដេីម្បីបញ្ចប់សង្រ្គាមទាំងស្រុង និងជាការចរចាដែលអ្នកការទូតនិយាយថា អាចពាក់ព័ន្ធការបញ្ចេញប្រាក់រាប់ពាន់លានដុល្លារនៃចំណូលប្រេងអ៉ីរ៉ង់ ដែលត្រូវបានបង្កកទុកក្នុងធនាគារបរទេសក្រោមទណ្ឌកម្មអាមេរិក។
ប្រភពក្នុងតំបន់ចំនួនពីរប្រាប់ Reuters ថា UAE ព្រមបញ្ចេញថវិកាសរុបចំនួន ១០ពាន់លានដុល្លារ ហេីយដែលច្រើនជាង ៣ពាន់លានដុល្លារបានបញ្ចេញរួចហើយ។ យ៉ាងនេះក្តីក្រសួងការបរទេស UAE បានចេញសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃសៅរ៍នេះ ដោយបដិសេធយ៉ាងដាច់អហង្ការនូវរបាយការណ៍ ដែលថាខ្លួនបានបញ្ចេញសាច់ប្រាក់សម្រាប់អ៉ីរ៉ង់។
UAE បញ្ជាក់ថាការលេីកឡេីងទាំងនេះគឺមិនពិតទាំងស្រុង និងគ្មានមូលដ្ឋានច្បាស់លាស់ ដោយសង្កត់ធ្ងន់ថាគ្មានសាច់ប្រាក់របស់អ៉ីរ៉ង់ដែលត្រូវបង្កក ត្រូវបានបញ្ចេញ ផ្ទេរ ឬសម្របសម្រួលតាមរយៈ UAE ឡេីយ។
គួរបញ្ជាក់ថា កាលពីខែមុន អេមីរ៉ាតអារ៉ាប់រួម ដែលជាគោលដៅរបស់អ៉ីរ៉ង់ក្នុងសង្រ្គាមនោះ បានរួចផុតពីការវាយប្រហារថ្មី ខណៈដែលអ៉ីរ៉ង់បានបាញ់មីស៉ីល និងយន្តហោះដ្រូនលើកូវ៉ែត និងបារ៉ែន៕




