សហរដ្ឋអាមេរិក នឹងផ្តល់កម្ចី ៤ពាន់លានដុល្លារឱ្យប៉ូឡូញ សម្រាប់ទិញអាវុធ

13-06-2026 19:33

(វ៉ាសូវី)៖ មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកផ្នែកអាវុធ និងសន្តិសុខអន្តរជាតិរបស់សហរដ្ឋអាមេរិក លោក Thomas DiNanno បាននិយាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ថាសហរដ្ឋអាមេរិកនឹងផ្តល់ប្រាក់កម្ចីថ្មីចំនួន ៤ពាន់លានដុល្លារពីកម្មវិធីហិរញ្ញប្បទានយោធាបរទេស ដល់ប្រទេសប៉ូឡូញ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក DiNanno បានប្រាប់ទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ PAP ក្នុងអំឡុងពេលសម្ពោធយន្តហោះ F-35 ថាអាមេរិកនឹងផ្តល់ប្រាក់កម្ចីថ្មីដល់ប៉ូឡូញសម្រាប់ការទិញសព្វាវុធ នាំឱ្យចំនួនសរុបដែលមានសម្រាប់ប្រទេសនេះ កេីនដល់ ២០ពាន់លានដុល្លារ។

ក្រុមមន្ត្រីប៉ូឡូញនិយាយថា យន្តហោះ F-35 នឹងផ្តល់ការជំរុញដ៏សំខាន់ដល់សមត្ថភាពការពាររបស់ប្រទេស​ ក៏ដូចជាបានបំពាក់នូវបច្ចេកវិទ្យាបំបាំងកាយ ឧបករណ៍ចាប់សញ្ញាប្រមូលទិន្នន័យឱ្យពីឡុត និងបញ្ជូនមកអង្គភាពផ្សេងទៀត៕