នៅខែក្រោយ អ៉ីរ៉ង់នឹងចាប់ផ្តើមរៀបចំពិធីបុណ្យសព សម្រាប់អតីតមេដឹកនាំកំពូលដែលស្លាប់ក្នុងថ្ងៃដំបូងនៃសង្រ្គាមជាមួយអាមេរិក-អ៉ីស្រាអែល

14-06-2026 13:29

(តេហេរ៉ង់)៖ កាលពីថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា ពិធីបុណ្យសពសម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei នឹងចាប់ផ្តើមប្រារព្ធធ្វើនៅរដ្ឋធានីតេហេរ៉ង់ នាថ្ងៃទី៤ ខែកក្កដា ហើយបិទបញ្ចប់ជាមួយការបញ្ចុះសពនៅទីក្រុង Mashhad ភាគឦសានប្រទេស ដែលជាស្រុកកំណើតរបស់លោក នៅថ្ងៃទី៩ ខែកក្កដា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Khamenei ត្រូវបានសម្លាប់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលជាថ្ងៃដំបូងបំផុតនៃការបង្កសង្រ្គាមរួមគ្នារវាងអាមេរិកនិងអ៉ីស្រាអែល ប្រឆាំងប្រទេសអ៉ីរ៉ង់។ រូបលោកមានអាយុ៨៦ឆ្នាំ ដោយបានដឹកនាំសាធារណរដ្ឋអ៉ីស្លាមមួយនេះ អស់រយៈពេល៣៦ឆ្នាំ។ តាមពិតទៅ ច្បាប់អ៉ីស្លាម តម្រូវឱ្យអ្នកស្លាប់ត្រូវបញ្ចុះសពភ្លាមៗ​តាមតែអាចធ្វើទៅបាន ខណៈប្រសើរបំផុតគឺក្នុងរយៈពេល២៤ម៉ោង ប៉ុន្តែក៏មានករណីលើកលែងមួយចំនួន ត្រូវបានអនុញ្ញាតផងដែរ ដូចជា​អំឡុងពេលមានសង្រ្គាមជាដើម។

អំឡុងពេលកាន់អំណាច លោក Khamenei បានកសាងប្រទេសអ៉ីរ៉ង់ ឱ្យក្លាយទៅជាកម្លាំងប្រឆាំងសហរដ្ឋអាមេរិកមានឥទ្ធិពលធំបំផុតមួយ ដោយបានពង្រីក​អំណាចយោធារបស់ខ្លួន នៅពាសពេញតំបន់មជ្ឈិមបូព៌ា តាមរយៈក្រុមប្រូស៉ី (proxy) ដូចជាក្រុមហេសបូឡានៅលីបង់ ជាដើម។ លោកបានប្រកាន់ជំហរយ៉ាងរឹងមាំ​ប្រឆាំងអាមេរិក ខណៈរដ្ឋបាលជាបន្តបន្ទាប់របស់ទីក្រុងវ៉ាស៉ីនតោន បានព្យាយាមដោយមិនជោគជ័យ ក្នុងការដោះស្រាយបញ្ហាជាមួយទីក្រុងតេហេរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាស ដែលបានផ្តាច់ជីវិតរូបលោក ក៏បានធ្វើឱ្យកូនប្រុសលោក គឺលោក Mojtaba Khamenei វ័យ៥៦ឆ្នាំ រងរបួសធ្ងន់ធ្ងរផងដែរ ប៉ុន្តែបានរួចរស់ជីវិត ហើយត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មីជំនួសឪពុក៕