កូរ៉េខាងជើង៖ ឋានៈជារដ្ឋមានអាវុធនុយក្លេអ៊ែរគឺគ្មានថ្ងៃថយក្រោយ និងសំខាន់ជាខ្លាំងសម្រាប់ធានាស្ថិរភាពក្នុងតំបន់

14-06-2026 16:08

(សេអ៊ូល)៖ នៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ កូរ៉េខាងជើងបាននិយាយថា ឋានៈរបស់ខ្លួនក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរ គឺមិនអាចត្រឡប់ក្រោយវិញដាច់ខាត ហើយវាជាកូនសោគន្លឹះក្នុងការធានាស្ថិរភាពក្នុងតំបន់ បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានបន្តអំពាវនាវរំសាយអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំត្រីភាគីរវាងកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក នៅទីក្រុងតូក្យូកាលពីថ្ងៃសុក្រសប្តាហ៍នេះ ហើយបើតាមក្រសួងការបរទេសទីក្រុងសេអ៊ូល គឺអំឡុងពេលនោះ សម្ព័ន្ធមិត្តទាំង៣ បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញារបស់ពួកគេចំពោះ «ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ»

ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA អ្នកនាំពាក្យមួយរូប បាននិយាយថា ការប្រើប្រាស់វោហារសាស្រ្តឥតបានការ របស់អាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន គ្មានថ្ងៃអាចជះឥទ្ធិពលលើគោលជំហរមិនអាចត្រឡប់ក្រោយរបស់កូរ៉េខាងជើង ក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរដាច់ខាត។ អ្នកនាំពាក្យកូរ៉េខាងជើង បានលើកអំពីការលក់ប្រព័ន្ធសព្វាវុធរបស់ទីក្រុងវ៉ាស៉ីនតោន ឱ្យទៅទីក្រុងសេអ៊ូលនិងទីក្រុងតូក្យូ ជាហេតុផលសមស្របសម្រាប់ឱ្យ​កូរ៉េខាងជើងបន្តប្រឹងប្រែងអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយពិពណ៌នាថា វាគឺជាការធានាសន្តិសុខដ៏រឹងមាំ សម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានពន្លឿនកម្មវិធីអាវុធនុយក្លេអ៊ែរកាន់តែខ្លាំង ចាប់តាំងពីការដួលរលំនៃកិច្ចចរចាជាមួយទីក្រុងវ៉ាស៉ីនតោន កាលពីឆ្នាំ២០១៩ នៅពេលកិច្ចប្រជុំកំពូល រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងហាណូយប្រទេសវៀតណាម បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង។

ទីក្រុងព្យុងយ៉ាង បានបញ្ជាក់ម្តងហើយម្តងទៀតថា នឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ ដោយចាត់ទុកវាជាសមត្ថភាពដ៏សំខាន់ ដើម្បីទប់ស្កាត់​ការគំរាមកំហែង។ កាលពីពេលថ្មីៗនេះ ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គីម គឺអ្នកនាង គីម យ៉ូជុង ក៏បានប្រកាសច្បាស់ៗសាជាថ្មីដែរថា គោលនយោបាយនុយក្លេអ៊ែររបស់​ប្រទេសកូរ៉េខាងជើង គឺគ្មានថ្ងៃដកថយជាដាចខាត៕