សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងដើម្បីបិទបញ្ចប់សង្រ្គាម ពិធីចុះហត្ថលេខានឹងធ្វើឡើងក្នុងសប្ដាហ៍នេះ (Video inside)

15-06-2026 08:16

(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក និងអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសថាពួកគេបានឈានដល់អនុស្សារណយោគយល់មួយ ដើម្បីបិទបញ្ចប់ សង្រ្គាមរវាងប្រទេសទាំង២ លុបចោលការបិទខ្ទប់របស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន​ Reuters។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានគូសបញ្ជាក់ដូច្នេះថា «កិច្ចព្រមព្រៀង ជាមួយសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ឥលូវត្រូវបានបង្ហើយរួចរាល់ហើយ»។ ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងមួយរយៈពេលខ្លីប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif ដែលប្រទេសរបស់លោកជាអ្នកសម្របសម្រួលកិច្ចចរចាសន្តិភាព បានប្រកាសថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានឈានដល់អនុស្សារណយោគយល់មួយ ដែលនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងប្រទេសស្វីស។

លក្ខខណ្ឌលម្អិតនៃមិនទាន់ត្រូវបង្ហើបនៅឡើយទេ។ ប៉ុន្តែលោក Sharif បានឱ្យដឹងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថាអនុស្សារណយោគយល់រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានអំពាវនាវឱ្យបិទបញ្ចប់ជាបន្ទាន់ និងអចិន្ត្រៃយ៍នូវប្រតិបត្តិការយោធានៅគ្រប់សមរភូមិទាំងអស់រួមទាំងនៅលីបង់ជាទីដែលអ៉ីស្រាអែលកំពុងបន្ត ការវាយប្រយុទ្ធជាមួយក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់។

ក្នុងសេចក្ដីថ្លែងការណ៍មួយ លេខាធិការដ្ឋាននៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៉ីរ៉ង់បាននិយាយថាសង្រ្គាម និងប្រតិបត្តិការយោធានៅគ្រប់សរមភូមិទាំងអស់ ក្នុងនោះមានទាំងនៅលីបង់ នឹងត្រូវបិទបញ្ចប់ជាអចិន្ត្រៃយ៍ចាប់ពីយប់ថ្ងៃចន្ទសប្ដាហ៍នេះតទៅ។ តែភ្លាមៗមិនទាន់មានប្រតិកម្មពីអ៉ីស្រាអែលនៅឡើយទេ ហើយដែល កន្លងមកបាននិយាយថាខ្លួនមិនមែនជាភាគីនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់នោះទេ។

លោក Matthew Miller ជាអតីតអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកជំនាន់លោក ចូ បៃដិន បាននិយាយថាលោក ត្រាំ បានធ្វើសម្បទានសំខាន់ៗមួយចំនួនទៅឱ្យ អ៉ីរ៉ង់ ដើម្បីសម្រេចឱ្យបាននូវការវិលទៅរកស្ថានភាពដើមដែលធ្លាប់មាននៅមុនពេលរូបលោកបើកធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ប៉ុណ្ណោះ។ «យើងមិនអាចធានាបានឡើយថា កម្មវិធីនុយក្លេអ៊ែរអាចនឹងត្រូវបានដោះស្រាយ ប៉ុន្តែអ៉ីរ៉ង់បានបង្ហាញឱ្យពិភពលោកបានឃើញថាពួកគេអាចយកសេដ្ឋកិច្ចពិភពលោកធ្វើជាចំណាប់ខ្មាំង ហើយអាចបង្ខំឱ្យ សហរដ្ឋអាមេរិកធ្វើសម្បទាន»។ នេះជាការគូសបញ្ជាក់របស់លោក Matthew Miller។

ជុំវិញបញ្ហានុយក្លេអ៊ែរនេះដែរ លោក Kazem Gharibabadi ជាអនុរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់បាននិយាយថាកិច្ចចរចាបន្ថែមទៀតនឹងត្រូវធ្វើឡើងអំឡុងរយៈពេល៦០ថ្ងៃ នៃបទឈប់បាញ់ ក្នុងនោះរួមមានទាំងការបន្ធូរបន្ថយទណ្ឌកម្មលើអ៉ីរ៉ង់ និងកម្មវិធីនុយក្លេអ៊ែរ។

បើតាមលោក ត្រាំ ច្រកសមុទ្រ Hormuz នឹងត្រូវបើកឡើងវិញនៅថ្ងៃដែល អនុស្សារណយោគយល់ជាមួយអ៉ីរ៉ង់ត្រូវបានចុះហត្ថលេខា ហើយថាលោកក៏បាន ដាក់បញ្ជាឱ្យដកការបិទខ្ទប់របស់សហរដ្ឋអាមេរិកលើកំពង់ផែអ៉ីរ៉ង់ផងដែរ៕