ក្រុមប្រទេស E4 ត្រៀមខ្លួនដើម្បីដកទណ្ឌកម្មពីអ៉ីរ៉ង់ ក្រោយការឈានដល់កិច្ចព្រមព្រៀងអាមេរិក-អ៉ីរ៉ង់ (Video inside)

15-06-2026 08:52

(ឡុងដ៍)៖ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៉ីតាលី បាននិយាយថាពួកគេបានត្រៀមលក្ខណៈជាស្រេច ដើម្បីដកទណ្ឌកម្មដែលបានដាក់ឱ្យអនុវត្តលើអ៉ីរ៉ង់ ជាមួយការបង្ហាញការស្វាគមន៍ដល់ការឈានដល់កិច្ចព្រមព្រៀងមួយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់សំដៅបិទបញ្ចប់សង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៉ីតាលី ឬគេស្គាល់ថាក្រុមប្រទេស E4 បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍រួមមួយ កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដូច្នេះថា «យើងបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីដកទណ្ឌកម្មពាក់ព័ន្ធទាំងឡាយ ជាការឆ្លើយតបទៅនឹងការបោះជំហានយ៉ាងច្បាស់លាស់ និងអាចផ្ទៀងផ្ទាត់បានណាមួយដោយអ៉ីរ៉ង់ចំពោះកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក អ៉ីរ៉ង់ និងប្រទេសជាដៃគូក្នុងតំបន់ដើម្បីក្ដាប់យកឱកាសនេះ ថែរក្សាសន្ទុះ និងសម្រេចឱ្យបាននូវការផ្សះផ្សារដោយការទូតរយៈពេលវែង»

សេចក្ដីថ្លែងការណ៍ដដែលក៏បានជំរុញផងដែរឱ្យអ៉ីរ៉ង់ត្រូវតែបោះបង់ចោលមហិច្ឆតាចង់បានអាវុធនុយក្លេអ៊ែរ ហើយថាពួកគេត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយអាមេរិក អ៉ីរ៉ង់ និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA​។

គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិក និងអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសថាពួកគេបានឈានដល់អនុស្សារណយោគយល់មួយ ដើម្បីបិទបញ្ចប់ សង្រ្គាមរវាងប្រទេសទាំង២ លុបចោលការបិទខ្ទប់របស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ការប្រកាសនេះដែរធ្វើឡើងបន្ទាប់ពី នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif ដែលប្រទេសរបស់លោកជាអ្នកសម្របសម្រួលកិច្ចចរចាសន្តិភាព បានប្រកាសថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានឈានដល់ អនុស្សារណយោគយល់មួយ ដែលនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងប្រទេសស្វីស។

លក្ខខណ្ឌលម្អិតនៃមិនទាន់ត្រូវបង្ហើបនៅឡើយទេ។ ប៉ុន្តែលោក Sharif បានឱ្យដឹងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថាអនុស្សារណយោគយល់រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានអំពាវនាវឱ្យបិទបញ្ចប់ជាបន្ទាន់ និងអចិន្ត្រៃយ៍នូវប្រតិបត្តិការយោធានៅគ្រប់សមរភូមិទាំងអស់រួមទាំងនៅលីបង់ជាទីដែលអ៉ីស្រាអែលកំពុងបន្តការវាយប្រយុទ្ធជាមួយក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់៕