មនុស្ស ៣នាក់ស្លាប់ ៣នាក់រងរបួស ក្នុងការវាយប្រហារដោយដ្រូនលើតំបន់ Tula របស់រុស្ស៉ី (Video inside)

15-06-2026 09:08

(មូស្គូ)៖ អភិបាលតំបន់ Tula លោក Dmitry ​Milyayev បានឱ្យដឹងនៅថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាមនុស្ស ៣នាក់ត្រូវបានសម្លាប់ និង៣នាក់ផ្សេងទៀត ក្នុងនោះមានក្មេងម្នាក់អាយុ ១ឆ្នាំ បានរងរបួសក្នុងការវាយប្រហារមួយដោយដ្រូនរបស់អ៊ុយក្រែនលើទីក្រុង Tula ស្ថិតនៅភាគខាងត្បូងទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Dmitry ​Milyayev បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Telegram ថាកាលពីយប់នេះ តំបន់ទីប្រជុំជននៃទីក្រុង Tula បានរងការវាយប្រហារដោយដ្រូន ហើយគួរឱ្យសោកស្ដាយ បើតាមព័ត៌មានបឋម មានមនុស្ស៣នាក់ត្រូវបានសម្លាប់ ចំណែក ៣នាក់ផ្សេងទៀតក្នុងនោះរួមមានក្មេងអាយុ១ឆ្នាំម្នាក់ បានរងរបួស។

គួរបញ្ជាក់ថា តំបន់ Tula ⁠ដែលជាជម្រកនៃឧស្សហកម្មសំខាន់ៗមួយចំនួនរបស់រុស្ស៉ី បានរងការវាយប្រហារជាញឹកញាប់ពីអ៊ុយក្រែន ចាប់តាំងពីរុស្ស៉ីបើកធ្វើសង្រ្គាមជាមួយ អ៊ុយក្រែនកាលពីឆ្នាំ២០២២។ តំបន់នេះស្ថិតនៅចម្ងាយប្រហែល ២០០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងមូស្គូ៕