សហរដ្ឋអាមេរិក៖ មនុស្ស ១២នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូច នៅរដ្ឋ Missouri (Video inside)

15-06-2026 10:24

(Reuters)៖ អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនជួលសេវាលោតឆត្រយោង Skydive Kansas City ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមក្រុមមន្ត្រីអាមេរិក គ្រោះថ្នាក់ធ្លាក់យន្ដហោះខាងលើបានកើតឡើងនៅក្បែរអាកាសយានដ្ឋាន Butler Memorial Airport ស្ថិតនៅចម្ងាយប្រហែល ១០០គីឡូម៉ែត្រពី ភាគខាងត្បូងនៃទីក្រុង Kansas រដ្ឋ Missouri។ «ជាសោកនាដកម្មមួយ មនុស្សទាំង១២នាក់ដែលជិះនៅលើយន្ដហោះនោះបានស្លាប់បាត់បង់ជីវិតក្នុងឧប្បត្តិហេតុ»។ នេះជាការគូសបញ្ជាក់ពីក្រុមហ៊ុន Skydive Kansas City ដោយបន្ថែមថាឈ្មោះរបស់ជនរងគ្រោះនឹងមិនត្រូវបានបញ្ចេញឡើយ រហូតទាល់តែសាច់ញាតិ ឬមនុស្សជិតស្និទ្ធរបស់ ពួកគេត្រូវបានជូនដំណឹង។

ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងទៀតថាយន្ដហោះខ្នាតតូចខាងលើ បានហោះឡើងនៅម៉ោងប្រហែល ១១៖២០នាទីព្រឹក ថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ប៉ុន្តែហោះឡើងបានបន្តិច ស្រាប់តែបត់ក្បាលទៅឆ្វេងភ្លាមៗ និងបានធ្លាក់នៅចម្ងាយ ២៧៤ម៉ែត្រពីផ្លូវរត់។

គួរបញ្ជាក់ថា យន្ដហោះខ្នាតតូចដែលបានធ្លាក់ជាប្រភេទយន្ដហោះ Pacific Aerospace 750XL។ មូលហេតុធ្លាក់នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ខណៈរបាយការណ៍ ចុងក្រោយស្ដីពីមូលហេតុនៃការធ្លាក់ត្រូវបានរំពឹងថានឹងចេញផ្សាយក្នុងពេលពី១២ ទៅ២៤ខែ៕