វិមានក្រឹមឡាំង៖ លោក ត្រាំ ប្រាប់លោក ពូទីន ថាលោកត្រៀមខ្លួនជាស្រេច ដើម្បីជួយបញ្ចប់សង្រ្គាមអ៊ុយក្រែន (Video inside)
15-06-2026 13:26
(មូស្គូ)៖ ទីប្រឹក្សាគោលនយោបាយការបរទេសនៃវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថា កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ថាការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន គឺជារឿងដ៏សំខាន់ ហើយរូបលោកត្រៀមខ្លួនជាស្រេច ដើម្បីជួយក្នុងរឿងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Ushakov បានប្រាប់ថា លោក ត្រាំ បានបង្ហាញពីការត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយបណ្តាដៃគូអឺរ៉ុបនិងទីក្រុងកៀវ ក្នុងនោះរួមទាំងក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 នាសប្តាហ៍នេះនៅឯប្រទេសបារាំង។ បើតាមលោក Ushakov លោក ពូទីន បានប្រាប់ទៅកាន់លោក ត្រាំ ថា ការបង្កើនការវាយប្រហាររបស់អ៊ុយក្រែនមកលើប្រទេសរុស្ស៉ី នឹងមិនអាចផ្លាស់ប្តូរស្ថានការណ៍នៅសមរភូមិឡើយ។
លោក Ushakov បានលើកឡើងថា អំឡុងកិច្ចប្រជុំ G7 ក្រុមមេដឹកនាំអឺរ៉ុបព្រមទាំងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មុខជានឹងព្យាយាម អះអាងផ្ទុយពីស្ថានការណ៍ជាក់ស្តែងទាំងស្រុង ហើយពួកគេនឹងស្នើឡើងនូវគំនិតនានា ដែលមានគោលដៅអូសបន្លាយជម្លោះ ដើម្បីបន្តអរិភាពទៅមុខទៀត។ ថ្មីៗនេះ លោក ហ្សេលេនស្គី បាននិយាយថា ការបង្កើនការវាយប្រហារតាមអាកាស បូករួមជាមួយការប្រែប្រួលស្ថានភាពនៅសមរភូមិ ដែលហុចផលមកឱ្យអ៊ុយក្រែន បានបើកច្រកទ្វារឱកាសថ្មី ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាព។
បើតាមលោក Ushakov បេសកជនពិសេសអាមេរិក លោក Steve Witkoff និងលោក Jared Kushner ដែលកន្លងមកបានដឹកនាំកិច្ចចរចាជំរុញដោយទីក្រុងវ៉ាស៉ីនតោន សំដៅបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន នឹងបំពេញទស្សនកិច្ចជាថ្មីមកកាន់ប្រទេសរុស្ស៉ី ក្នុងពេលឆាប់ៗ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ លោក ហ្សេលេនស្គី ក៏បាននិយាយទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ហើយពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងបញ្ចប់សង្រ្គាមជាមួយរុស្ស៉ីផងដែរ។ កិច្ចប្រឹងប្រែងចរចាជំរុញដោយអាមេរិក ដែលសំដៅឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន-រុស្ស៉ី បានជាប់គាំងច្រើនខែមកហើយ ស្របពេលដែល ទីក្រុងវ៉ាស៉ីនតោនជាប់រវល់ក្នុងសង្រ្គាមរបស់ខ្លួនផ្ទាល់ ជាមួយប្រទេសអ៉ីរ៉ង់។ ប៉ុន្តែកាលពីអាទិត្យកន្លងទៅនេះ អាមេរិកនិងអ៉ីរ៉ង់ បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងសន្តិភាពហើយ ដែលនឹងត្រូវចុះហត្ថលេខាក្នុងសប្តាហ៍នេះ៕






