លោក ហ្សេលេនស្គី និយាយទូរសព្ទជាមួយលោក ត្រាំ ពិភាក្សាអំពីកិច្ចចរចាសន្តិភាពក្នុងសង្រ្គាមជាមួយរុស្ស៉ី (Video inside)

15-06-2026 13:51

(កៀវ)៖ កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា រូបលោកបានសន្ទនាតាមទូរសព្ទជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅសម្រេចឱ្យបានទីបញ្ចប់ សម្រាប់សង្រ្គាមជាមួយរុស្ស៉ីដែលអូសបន្លាយអស់រយៈពេលជាង៤ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

មុនកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 នៅប្រទេសបារាំង ជាទីដែលលោក ត្រាំ រួមទាំងមេដឹកនាំដទៃទៀត នឹងត្រូវពិភាក្សាគ្នាអំពីសង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន នាថ្ងៃអង្គារសប្តាហ៍នេះ លោក ហ្សេលេនស្គី បាននិយាយថា «ពួកយើងបានជជែកអំពីអ្វីដែលអាចជួយនាំយកសន្តិភាពមកកៀក នាពេលនេះ ហើយខ្ញុំបានជូនដំណឹងដល់លោកប្រធានាធិបតី ត្រាំ អំពីស្ថានការណ៍វិវត្តន៍ចុងក្រោយនៅលើសមរភូមិ ហើយប្រាប់លោកអំពីការដែលគោលជំហរបស់យើង ត្រូវបានពង្រឹងបន្ថែម។ យើងមានគំនិតល្អៗមួយចំនួន ដែលអាចជួយនាំសន្តិភាពឱ្យមកជិត​ជាងមុន»

លោកប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា រូបលោកនិងលោក ត្រាំ បានយល់ព្រមជួបពិភាក្សាគ្នាផ្ទាល់ អំឡុងកិច្ចប្រជុំ G7 នៅប្រទេសបារាំង ដ្បិតលោក ហ្សេលេនស្គី ក៏ត្រូវបានអញ្ជើញឱ្យចូលរួមផងដែរ។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា វាគឺជារឿងសំខាន់ក្នុងការធានានូវ​ការគាំទ្ររបស់អាមេរិក សម្រាប់កិច្ចប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីឆ្ពោះទៅរកសន្តិភាព រួមគ្នាជាមួយការគាំទ្រពីសំណាក់បណ្តាសម្ព័ន្ធមិត្តនៅអឺរ៉ុបរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងចរចាជំរុញដោយអាមេរិក ដែលសំដៅឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន-រុស្ស៉ី បានជាប់គាំងច្រើនខែមកហើយ ស្របពេលដែល ទីក្រុងវ៉ាស៉ីនតោនជាប់រវល់ក្នុងសង្រ្គាមរបស់ខ្លួនផ្ទាល់ ជាមួយប្រទេសអ៉ីរ៉ង់។ ប៉ុន្តែកាលពីអាទិត្យកន្លងទៅនេះ អាមេរិកនិងអ៉ីរ៉ង់ បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងសន្តិភាពហើយ ដែលនឹងត្រូវចុះហត្ថលេខាក្នុងសប្តាហ៍នេះ៕